(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសម្ពោធជាផ្លូវការ សមាគមមិត្តភាពប្រជាជនចិនជាំងស៊ូ នៅកម្ពុជា និងអបអរសាទរក្នុងពិធីស្វាគមន៍បុណ្យសំពះព្រះខែ និងអបអរសាទរបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ ការពង្រឹងសមាគមនានាត្រូវបានយកចិត្តទុក្ខដាក់ផងដែរ។ ទោះជាក្នុងដំណាក់កាល មានវិបត្តិជំងឺកូវីដ-១៩ ដែលពិភពលោកកំពុងទទួលរងនូវការគំរាម កំហែង យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានមានវិធានការណ៍ម៉ឹងម៉ាត់ទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ដោយរហូតមកដល់ពេលនេះ ពុំមានអ្នកឆ្លងថ្មី និងពុំមានករណីបាត់បង់ជីវិតនោះទេ។
លោកស្រី ម៉ែន សំអន បានបន្តថា រាជរដ្ឋាភិបាល ក៏នៅតែខិតខំការពារអ្នកវិនិយោគ ឈរលើគោលការណ៍មានស្ថេរភាពនយោបាយល្អ ដើម្បីជំរុញអាជីវកម្ម និងផលិតកម្មក្នុងកាលៈទេសៈវិស័យ កាត់ដេរ វាយភ័ណ្ឌជួបបញ្ហាលំបាក ក៏រាជរដ្ឋាភិបាលបានដោះស្រាយកញ្ចប់ថវិកាជូនដល់កម្មករ និងកម្មការិនី។
សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងត្រូវជួយសម្រួលដល់ការវិនិយោគនានារបស់វិនិយោគិនចិន នៅកម្ពុជា ពិសេសត្រូវផ្តោតការសំខាន់ទៅលើយុទ្ឋសាស្រ្តផ្លូវសូត្រ និងគោលនយោបាយយុទ្ធសាស្ត្រខ្សែរក្រវ៉ាត់មួយ និងផ្លូវមួយ របស់ចិន ព្រោះវាមានទំនាក់ទំនង និងផ្សារភ្ជាប់ជាមួយយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី ម៉ែន សំអន បានគូសបញ្ជាក់ថា តាមរយៈសមាគមមិត្តភាពប្រជាជនចិនជាំងស៊ូនៅកម្ពុជា ដែលបានសម្ពោធជាផ្លូវការនៅថ្ងៃនេះបានបង្ហាញថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន និងជួយសម្របសម្រួលដល់វិនិយោគិន ដែលមានបំណងវិនិយោគនៅកម្ពុជា។
លោកស្រីក៏បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសមាគមមិត្តភាពប្រជាជនចិនជាំងស៊ូ នៅកម្ពុជា ក្រោមការដឹកនាំរបស់ លោក ប៉ៅ ជឺ ឈីន អគ្គលេខាធិការសមាគមសហគ្រិនចិន ជាំងស៊ូ នៅកម្ពុជា និងជាប្រធានសមាគមមិត្តភាពប្រជាជនចិនជាំងស៊ូ នៅកម្ពុជា ក្រោមការជួយសម្របសម្រួលពីសំណាក់ លោក តុង ចំរើន ដែលមានជំនឿទុបានកចិត្តលើរាជរដ្ឋាភិបាល ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារមនុស្សធម៌ ការងារសង្គម និងពង្រឹងសហគមនធុរៈកិច្ច សហគមនពាណិជ្ជកម្ម ទំនាក់ទំនងសិល្បៈ វប្បធម៌ បច្ចេកវិទ្យា និងវេជ្ជសាស្ត្រ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោកស្រី ម៉ែន សំអន ក៏បានចូលរួមអបអរខួបលើកទី៧១ នៃពីបធីបុណ្យឯករាជ្យ នៃសាធារណៈរដ្ឋប្រជាមានិតចិន និងបានលើកឡើងអំពីទំនាក់ទំនងរវាងចិន និងកម្ពុជា មានរយៈពេលជាង ៦០ឆ្នាំមកហើយ ព្រមទាំងមានប្រពៃណី និងវប្បធម៌ប្រហាក់ប្រហែលគ្នា ដែលរហូតដល់បច្ចុប្បន្នប្រជាជនទាំងពីរ មានសមានចិត្តស្រឡាញ់គ្នា ដូចបងប្អូន និងជួយគ្នា គាំទ្រគ្នាទៅវិញទៅមកទាំងកម្រិតតំបន់ និងអន្តរជាតិ។ ចំណែកឯពិធីពិធីបុណ្យ សែនព្រះខែចិនក៏មានលក្ខណៈ ស្រដៀងគ្នាទៅ នឹងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែរបស់ខ្មែរ ផងដែរ៕