(ភ្នំពេញ)៖ ព្រះសង្ឃ និងសប្បុរជនមួយក្រុម បានរួមគ្នាបង្កើតកម្មវិធី «សប្បុរសធម៌ ស្នេហានិងគ្រួសារ» ដោយធ្វើការចែកជូនស្បៀងអាហារ និងសម្ភារមួយចំនួន ដល់ប្រជាពលរដ្ឋ ដែលរស់នៅសហគមន៍គំនរសំរាមបឹងជើងឯកជាច្រើនគ្រួសារ។
កម្មវិធីសប្បុរសធម៌ ចែកជូនសម្ភារដល់ប្រជាពលរដ្ឋ ធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅគំនរសំរាមបឹងជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ថាបនិក និងអ្នករៀបចំកម្មវិធីស្នេហា និងគ្រួសារ បានប្រាប់អំពីមូលហេតុដែលនាំឲ្យមានកម្មវិធីនេះឡើង ព្រោះដោយសារសំឡឹងមើលឃើញថា ប្រជាពលរដ្ឋនៅទីនោះមានភាពលំបាកខ្លាំង។ ដោយចង់រំលែកទុក្ខកង្វល់ និងសាងសេចក្ដីល្អក្នុងជីវិត ស្ថាបនិករូបនេះក៏បានប្រមូលប្រិយមិត្ត និងស្វែងរកជំនួយគាំទ្រពីសប្បុរសជន ក្រោមពាក្យស្លោកថា «ស្នាមញញឹមអ្នក ជាសេចក្ដីសុខរបស់ពួកយើង»។
ស្ថាបនិកដដែល បានលើកឡើងអំពីគោលបំណងនៃកម្មវិធីនេះថា ដើម្បីជួបជុំប្រិយមិត្តរបស់កម្មវិធី ស្នេហា និងគ្រួសារ និងចែករំលែកក្ដីស្រឡាញ់ ស្នាមញញឹម បង្កើតមិត្តភាព និងសាមគ្គីភាពក្នុងសង្គមផងដែរ។ កម្មវិធីនេះ ក៏សមស្របនឹងពាក្យស្លោកបុរាណខែ្មរ ដែលតែងនិយាយថា «ជួយយកអាសារគ្នាក្នុងគ្រាលំបាក ដែលស្ដែងចេញពីទឹកចិត្ត នៃការចែករំលែកទៅមនុស្សទូទៅមិនចំពោះ»។
តំណាងប្រជាពលរដ្ឋក្នុងសហគមន៍គំនរសំរាមបឹងជើងឯក បានសម្ដែងនូវភាពសប្បាយរីករាយយ៉ាងក្រៃលែង និងបានស្វាគមន៍ពេញចិត្ត ពេលបានឃើញសប្បុរសជន និងយុវជនចែករំលែកនូវសម្ភារ និងថវិកាជូនពួកគាត់ គ្រាន់ដោះស្រាយភាពលំបាកបានមួយគ្រា។
លោក ឃឹម សារ៉េត ថ្លែងថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលបងប្អូន នាំយកនូវសម្ភារមកចែកពួកខ្ញុំ ទោះបីតិចក្ដីច្រើនក្ដី តែអាចដោះស្រាយជីវភាពបានមួយគ្រា។ អ្វីដែលពួកខ្ញុំត្រូវការខ្លាំងនោះ គឺអង្ករនេះឯង»។
គួរបញ្ជាក់ផងដែរថា សម្ភារដែលចែកជូនប្រជាពលរដ្ឋ នៅតំបន់គំនរសំរាមប្រមាណ ៧០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ សម្លៀកបំពាក់ ក្រមា និងថវិកា១ម៉ឺនរៀល ព្រមទាំងកុមារទទួលបានសម្ភារសិក្សា និងថវិកាចំនួនផងដែរ៕