(ខេត្តប៉ៃលិន)៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ដោយសារអតីតបុរសជាប្តីបានជះទឹកអាស៊ីតលើ ក្រោយពេលមកលួងលោមសុំរួមរស់ជាមួយគ្នាវិញ ២ទៅ៣ដង មិនបានសំរេច។
ហេតុការណ៍បានកើតឡើងនៅម៉ោង១៖០០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅផ្ទះខាងស្ត្រី នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាយ សុខម៉េង ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងនិងខេត្តប៉ៃលិន។ ចំណែកជនរងគ្រោះឈ្មោះ សុខ នួន ហៅណាង ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុង និងខេត្តប៉ៃលិន (របួសធ្ងន់ ) កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យខេត្តប៉ៃលិន។
តាមដំណើររឿងទាំងពីរនាក់នេះ បានយកគ្នាជាប្ដីប្រពន្ធ ដោយគ្មានសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍នោះទេ តាំពីឆ្នាំ២០១៣។ មួយរយៈក្រោយមកទាំងពីរនាក់បាន ទៅធ្វើការនៅប្រទេសថៃ។ ក្រោយពេលវិលត្រឡប់មកវិញឈ្មោះ សាយ សុខម៉េង (ប្ដី) បានសុំលែងលះប្រពន្ធបានមួយរយៈហើយ ក៏មកសុំប្រពន្ធត្រូវគ្នាវិញ២ ទៅ៣ដង តែប្រពន្ធមិនព្រម។
សមត្ថកិច្ចបានសន្និដ្ឋានថា ឈ្មោះ សាយ សុខម៉េង សម្រេចចិត្តជះទឹកអាស៊ីតលើអតីតប្រពន្ធបណ្ដាលឱ្យរបួសធ្ងន់នេះ បណ្ដាលមកពីខឹងសុំប្រពន្ធត្រូវគ្នាវិញ តែប្រពន្ធមិនព្រម។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ ដើម្បីឃាត់ខ្លូនយកមកអនុវត្ត តាមនិតិវីធីច្បាប់៕