(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០១៥កន្លងទៅនេះ មានរោងចក្រប្រមាណ ១៦០ ត្រូវបានបង្កើតឡើង និងបានបង្កើតការងារថ្មីជូនប្រជាពលរដ្ឋ ៨០,៦៦៨កន្លែង។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់ដូច្នេះនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឧស្សាហកម្ម និងសិប្បកម្មឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លោករដ្ឋមន្រ្តីក៏បានឲ្យដឹងផងដែរថា នៅឆ្នាំ២០១៥ មានសហគ្រាសធុនតូច និងមធ្យម បានចុះបញ្ជីចំនួន ៣៧២ និងបានបង្កើតការងារចំនួន ៤,៧៩៣កន្លែង។ សរុបចំនួនរោងចក្រ ដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម និងសិប្បកម្មមានចំនួន ១,៤៥០កន្លែង និងសហគ្រាសធុនតូច និងមធ្យម បានចុះបញ្ជីសរុប ៣៨,៨៣១កន្លែង បង្កើតការងារសរុបចំនួន ១,០៥៣,៥៩៩កន្លែង៕