(បន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ដែលលួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំជិត ២០០ក្រាម ត្រូវនគរបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បង្រ្កាបបាន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នៅ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងថា ជនសង្ស័យនេះជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ដោយម្នាក់ឈ្មោះ សួរ ជានុន ហៅខួច ភេទ ប្រុសអាយុ១៧ឆ្នាំ នៅភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះ យ៉ាន់ រិទ្ធី ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិកោះកែវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ករណីនេះ នគរបាលបានធ្វើការដកហូតបានវត្ថុតាងជាថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន២ថង់តូច មានទម្ងន់១៧១,១២ក្រាមថ្លឹងទាំងសំបក ទូរស័ព្ទដៃចំនួន២គ្រឿងនិងសំបកកូនថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះបញ្ហាគ្រឿងញៀនេះគឺជាចំណុចដ៏ស្រៀវស្រើប បើទោះបីជាកម្លាំងសមត្ថិច្ចបានខិតខំធ្វើការបង្រ្កាបយ៉ាងណាក៏មិនចេះអស់។

លោកបានបន្តឲ្យដឹងទៀតថា ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដាក់បទបញ្ជាឲ្យនគរបាលការិយាល័យជំនាញ និងគ្រប់កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ក្រុង ត្រូវមានវិធានការបង្រ្កាបអ្នកជួញដូរថ្នាំញៀន និងអ្នកជក់ថ្នាំញៀន ឲ្យអស់ក្នុងមូលដ្ឋានដែលសមត្ថកិច្ចគ្រប់គ្រង។

តាមបទបញ្ជារបស់លោកស្នងការនេះកម្លាំងនគរបាលស្រុកមង្គលបូរី បានចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យបាន២នាក់ តែជាមុខសញ្ញាដូរថ្នាំញៀនដូរសកម្មនៅក្នុងស្រុកមង្គលបូរី។ក្រោយពីធ្វើកំណត់ហេតុរួចជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕