(បន្ទាយមានជ័យ)៖ ក្មេងស្រី ២នាក់ត្រូវបានរណ្ដៅស្រះទឹកមួយកន្លែងឆក់យកជីវិតស្លាប់យ៉ាងអាណោចអាធ័ម នៅល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបុស្បធំ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

វរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់ មានម្នាក់ឈ្មោះ ភាព ចំណាន អាយុ១១ឆ្នាំ ជាសិស្ស ឪពុកឈ្មោះ ភាព តុលា និងម្តាយឈ្មោះឡាច ស៊ីណាក់ មានទីលំនៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ម្នាក់ទៀត ឈ្មោះ វ៉ាង សុខវណ្ណ អាយុ៨ឆ្នាំ ជាសិស្ស មានឪពុកឈ្មោះ ផាត់ វ៉ាង និងម្តាយ ឈ្មោះ ឈឿន ចាន់ណា មានទីលំនៅ ភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្មេងស្រីរងគ្រោះទាំង២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា។

លោកអធិការ បានបញ្ជាក់បន្តថា នៅមុនពេលកើតហេតុ កុមារីរងគ្រោះទាំង២នាក់ បាននាំគ្នាទៅងូតនៅក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិបុស្សធំ ឃុំតាគង់ ពេលដែលទឹកកំពុងជន់ឡើង។ នៅពេលកុមារីទាំងពីរនាក់កំពុងងូតទឹកលេងយ៉ាងសប្បាយស្រាប់តែក្មេងស្រីទាំងពីរនាក់នោះត្រូវ ទឹកកួចចូលក្នុងរណ្ដៅស្រះបណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់បងប្អូនតែម្តង។

លោកវរសេនីយ៍ឯក បានបញ្ជាក់ឲ្យដឹងទៀតថា ដោយសារតែនៅទីនោះពុំមានមនុស្សហើយរណ្ដៅទឹកជ្រៅទៀតបណ្ដាលឲ្យក្មេងទាំងពីរនាក់នោះលង់ស្លាប់ ដោយគ្មានអ្នកជួយសង្គ្រោះ។

សពក្មេងស្រីទាំង២នាក់ ក្រោយពីសមត្ថកិច្ចចម្រុះពិនិត្យរួចរាល់ហើយ ក៏បានប្រគល់ទៅឲ្យឪពុកម្ដាយធ្វើបុណ្យតាមប្រពៃណី៕