(បន្ទាយមានជ័យ)៖ ក្រោមការណែនាំរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជារងកងយោធពលខេមរភូមិន្ទ និងជាបញ្ជាការកងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទីមួយ បានដឹកនាំកម្លាំងយោធា ក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ប្រមាណ៥០០នាក់ ចុះជួយច្រូតកាត់ប្រជាកសិករ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់ស្រូវរបស់ពួកគាត់កាលពីប៉ុន្មានថ្ងៃនាចុងសប្តាហ៍នេះ ក្នុងស្រុកមង្គលបូរី។

ការសម្រុកចុះច្រូតកាត់ដណ្តើមយកស្រូវពីទឹកនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០ នៅចំណុចភូមិក្រម៉ុល ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកស្រី គង់ សុភាព មេឃុំរហាត់ទឹក បានលើកឡើងថា ស្រូវប្រជាពលរដ្ឋក្នុងឃុំនេះ ពួកគាត់ធ្វើបានច្រើនសម្រាប់ឆ្នាំនេះ ។ គ្រោះរាំងស្ងួតអូសបន្លាយរយៈពេលយូរនាដើមរដូវ ធ្វេីឱ្យស្រូវដែលកសិករធ្វើបានត្រូវងាប់អស់ស្ទើរគ្មានសល់។ ស្រូវសេសសល់តិចតួចត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀងបន្ទាប់ពីស្រូវទុំជិតល្មមច្រូតកាត់ប្រមូលផល។

លោកស្រីបានបន្តថា នៅថ្ងៃទី២៥-២៦នេះ ស្រូវប្រមាណជាង២០ហិតារបស់ប្រជាកសិករនៅមូលដ្ឋាននេះ ត្រូវបានទឹកជំនន់គ្រប់គ្រង ធ្វើឱ្យពិបាកក្នុងការច្រូតកាត់ប្រមូលផល តែពួកគាត់បានអរគុណដល់ កងកម្លាំងយោធានៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលបានបញ្ចេញកម្លាំងប្រមាណ៥០០នាក់ជួយច្រូតកាត់ទាន់ពេលវេលាដណ្តើមស្រូវបានមួយចំនួនធំពីទឹកជំនន់។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទីមួយបន្ទាយមានជ័យថ្លែងថា កងពលតូចថ្មើរជើងលេខ៥១ បានបញ្ចេញកម្លាំងយោធាចំណុះប្រមាណ៥០០នាក់ ដើម្បីជួយអន្តរាគមន៍ច្រូតកាត់ប្រជាកសិករដែលរងគ្រោះទឹកជំនន់លិចស្រូវ។

លោកបានប្តថា បើយោងតាមរបាយការណ៍អាជ្ញាធរឃុំបានឱ្យដឹងថាស្រូវរងគ្រោះមានប្រមាណជាង២០ហិតា ដូច្នេះកម្លាំងយោធាត្រូវពួតដៃគ្នា ធ្វើការច្រូតកាត់ដណ្តើមស្រូវពីទឹកអោយទាន់ពេលវេលានិងរួចរាល់។

ថ្វីត្បិតការច្រូតកាត់មិនបានទាំងស្រុង តែយ៉ាងហោចណាស់កម្លាំងយើងអាចដណ្តើមយកស្រូវពីទឹកជំនន់បានពី៧០ទៅ៨០ភាគរយដែរ ព្រោះថាការច្រូតស្រូវក្នុងទឹកមិនមែនជាការងាយស្រួលនោះទេ យើងមើលដើមស្រូវមិនឃើញ ហើយប្រឈមនឹងសត្វអសិរពឹសទិចឬខាំទៀតផង ជាក់ស្តែងនៅថ្ងៃទីមួយនៃការច្រូតកាត់នេះ ពលទាហានម្នាក់ដែលចុះទៅច្រូតក្នុងទឹកកណ្តាលវាលស្រែត្រូវក្អែបខាំចំក្បាលបណ្តាលអោយរងការឈឺចាប់ខ្លាំង។ នេះបេីតាមលោក ឈុន ម៉ៅ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បន្តថា នៅមានជាច្រើនទៀតនៃស្រុកនេះកំពុងបន្តរងគ្រោះ ដូច្នេះលោកត្រូវដឹកនាំកម្លាំងចុះជួយអន្តរាគមន៍បន្តរហូតទឹកថមថយស្រកទៅវិញ។

លោកឧត្តមសេនីយ៍ បញ្ជាក់ថាកម្លាំងយោធានៃបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីការងារស្នូលគឺតែងតែចូលរួមគ្រប់សកម្មភាពសង្គម ចុះជួយពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋរងគ្រោះ និង ជាក់ស្តែងចុះជួយច្រូតកាត់ប្រមូលផលគ្រាដែលជំនន់វាយលុកស្ទើរតែរាល់ឆ្នាំ។

ជាមួយនោះដែរលោកឧត្តមសេនីយ៍ទោ បានថ្លែងសារអំពាវនាវដល់ពលរដ្ឋដែលមានកូនតូច សូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត មិនត្រូវឱ្យលេងទឹកឬឡើងដើមឈើនោះទេ ជៀសវាងលង់ សត្វតិចឬខាំ៕