(ភ្នំពេញ)៖ ខណៈកម្ពុជាកំពុងរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឆ្លៀតវាយបកទៅក្រុមអ្នករិះគន់ថា អ្នករិះគន់មួយចំនួន ពុំបានធ្វើអ្វីនោះឡើយ ប៉ុន្តែពួកគេចាំតែថាប៉ុណ្ណោះ។
លោក ខៀវ កាញារីទ្ធ បាននិយាយបែបនេះ បន្ទាប់ពីចូលរួមនៅក្នុងការបើកវគ្គបណ្តុះបណ្តាលក្រុមការងារបច្ចេកទេស (TWG-A21) ដែលរៀបចំសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន នៅក្នុងសណ្ឋាគារភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
នៅពេលដែលសួរថា តើលោកបារម្ភអំពីការរិះគន់ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ដូចច្បាប់ចរាចរណ៍ផ្លូវគោកឬទេលោករដ្ឋមន្រ្តី បានឆ្លើយថា «បើរិះគន់ទៀត មានន័យថា ជាអ្នកមិនរវល់អ្វីទាំងអស់ គឺចាំតែថាប៉ុណ្ណោះ យើងបានធ្វើ បានផ្សព្វផ្សាយប៉ុណ្ណឹងហើយ បើគាត់នៅរិះគន់ទៀត មានន័យថាគាត់មិនបានចូលរួមមតិតែម្តង» ។
បើតាមលោករដ្ឋមន្រ្តី គម្រោងរៀបចំសេចក្តីព្រាងច្បាប់នេះ នឹងធ្វើនៅរយៈពេល៣ឆ្នាំ ប៉ុន្តែលោករំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំ២០១៦នេះ ឬពាក់កណ្តាលឆ្នាំ២០១៧ ខាងមុខ៕