(ភ្នំពេញ)៖ អភិបាលរងខណ្ឌឫស្សីកែវ លោកស្រី សួស សូលីដា បានថ្លែងជំរុញប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់ការគ្រប់គ្រងសំណល់សំរាម ដើម្បីកាត់បន្ថយបរិមាណសំណល់នៅតាមទីលានចាក់សំរាម។

ការជំរុញរបស់លោកស្រី បានធ្វើឡើងក្នុងការសម្អាតអនាម័យបរិស្ថាននៃទិវា «ពិភពលោកស្អាតលើកទី៣» ដែលត្រូវបានរដ្ឋបាលខណ្ឌឫស្សីកែវ នៅសួនប្រជាធិបតេយ្យ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។ ពិធីសម្អាតអនាម័យបរិស្ថាននៃទិវា «ពិភពលោកស្អាតលើកទី៣» នេះដឹកនាំផ្ទាល់ដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានការចូលរួមពីអស់មន្រ្ដីរាជការ កងកម្លាំង ព្រមទាំងរដ្ឋបាលសង្កាត់ទាំង៧ ផងដែរ។

លោកស្រី សួស សូលីដា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីធានាបានគុណភាពបរិស្ថានសោភ័ណភាពទីប្រជុំជន និងសុខភាព សាធារណៈ យើងទាំងអស់គ្នាចាំបាច់ ត្រូវយកចិត្តទុកដាក់លើកកម្ពស់គ្រប់គ្រងសំណល់សំរាម ឲ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែក សំរាមតាម ប្រភេទ ដូចជាសំណល់ សរីរាង្គ សំណល់ដែលអាចកែច្នៃ បានដូចជាក្រដាស់ ឬប្លាស្ទិក និងសំណល់គ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួន ឲ្យមានតម្លៃផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់ នៅតាមទីលានចាក់សំរាម»

មុនពេលក្រុមការងារទាំងអស់ដើរសម្អាត និងធ្វើអនាម័យប្រមូលរាល់កាកសំណល់សំរាមតាមដងផ្លូវ, លោកស្រី សួស សូលីដា បានរម្លឹកលើកឡើងផងដែរថា ពិធីសម្អាតអនាម័យបរិស្ថាននៃទិវា «ពិភពលោកស្អាតលើកទី៣» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើងដើម្បីបំផុសចលនា ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់ផ្នែក គ្រប់ថ្នាក់ សិស្ស និស្សិត គ្រប់ភូមិសិក្សា ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យចូលរួម ទាំងស្មារតី និងសម្ភារក្នុងការធ្វើអនាម័យ និងកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រសហគ្រាស ទីផ្សារ មជ្ឈមណ្ឌល សេដ្ឋកិច្ច។

ការប្រារព្ធទិវានេះធ្វើឡើង សំដៅបំបាត់ឲ្យខាងតែបាននូវភាពកខ្វក់ និងកាកសំណល់សំរាមផ្សេងៗ ក្នុងការកែលម្អ គុណភាព បរិស្ថាន ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានបរិស្ថានល្អ មានភាពបៃតង មានសោភ័ណភាព មានផាសុខភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ នៃធនធានធម្មជាតិ និងជីវៈចម្រុះ៕