(តាកែវ)៖ ក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងសម្ព័ន្ឋគ្រូពេទ្យ ស.ស.យ.ក ខេត្តតាកែវ បានសហការចុះធ្វើយុទ្ធនាការអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគ ទប់ស្កាត់ និងបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ (Covid-19) នៅរោងចក្រប្រាយហ្វ្លាស់ស៉ីន ឯ.ក ស្ថិតនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

សកម្មភាពនេះបានធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក អ៊ូច ភា អភិបាលខេត្តតាកែវ, សោម អូន ប្រធាន សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា, លោក ហាក់ រ៉ា ថារ័ត្ន ប្រធានសម្ព័ន្ឋគ្រូពេទ្យ ស.ស.យ.ក ខេត្តតាកែវ, លោក Sunny Chen អគ្គនាយករោងចក្រ និងមានស្ថាប័ន ព្រមទាំងមន្ត្រីពាក់ព័ន្ឋជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក Sunny Chen បានបញ្ជាក់ថា ជានិច្ចកាលក្រុមហ៊ុនរបស់លោក តែងតែអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងបានសំណូមពរដល់ កម្មករ កម្មការិនី បន្តប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ-១៩ ត្រូវគោរពតាមវិធានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ លោកបានថ្លែងអំណគុណ លោក សោម អូន ដែលបានដឹកនាំក្រុមការងារប្រយុទ្ឋប្រឆាំងកូវីត១៩ ចុះធ្វើយុទ្ឋនាការអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លង នៅរោងចក្រនេះ។

លោក សោម អូន បានលើកឡើងថា កូវីដ១៩ នៅតែគំរាមគំហែងយ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតមនុស្សជាតិនៅលើពិភពលោក ហើយបើគិតត្រឹមថ្ងៃនេះ គឺនៅលើពិភពលោក មានអ្នកផ្ទុកជំងឺជាង ៣៤លាននាក់ និងមានអ្នកស្លាប់ចំនួនជាង ៩៩ម៉ឺននាក់។ ស្របពេលជាមួយនេះ ក្រុមជំនាញ NACC Team Against Covide-19 បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីចូលរួមយុទ្ឋនាការផ្សព្វផ្សាយអប់រំដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍របស់រាជរដ្ឋាភិបាល អំពីវិធីការពារមិនឲ្យឆ្លងរាលដាល ព្រមទាំងបាញ់ថ្នាំបំភាយ សម្លាប់មេរោគទប់ស្កាត់ ការពារការរីករាលដាលជំងឺនេះ នៅតាមបណ្តាខេត្ត-រាជធានី ជាពិសេសនៅតាមបន្ទប់ជួលកម្មករ និងកន្លែងធ្វើការរបស់កម្មករ។

លោក សោម អូន បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតចូល រួមអនុវត្តនូវគោលការណ៍សំខាន់ៗដូចជា៖ ពាក់ម៉ាស់ ជានិច្ចនៅពេលមានការជួបជុំ, រស់នៅស្អាតជាប្រចាំ, និងរក្សាគម្លាតសុវត្ថិភាពនៅពេលមានការជួបជុំ។

លោក អ៊ូច ភា បានថ្លែងការកោតសរសើរចំពោះ ថៅកែរោងចក្រ សហជីព ព្រមទាំងបងប្អូនកម្មករកម្មការនីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ដោយបានធ្វើការអប់រំផ្សព្វផ្សាយ វិធានការអនុវត្តន៍អនាម័យជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព ក៏ដូចជាស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកុំឲ្យជំងឺនេះរីករាលដាលនៅសហគមន៍។

សូមបញ្ជាក់ថា បន្ទាប់ពីសំណេះសំណាលជាមួយតំណាងសហជីព តំណាងកម្មករ និងប្រធានក្រុមចប់ គណៈអធិបតីបានធ្វើទស្សនកិច្ច និងសួរសុខទុក្ខកម្មករនៅតាមសង្វាក់ផលិតកម្ម។ រោងចក្រខាងលើនេះ ជាប្រភេទរោងចក្រផលិតស្បែកជើង និងមានកម្មករបម្រើការងារចំនួនជាង ៤០០០នាក់៕