(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា ក្នុងកាលៈទេសៈ ដែលសកលលោកមានវិបត្តិដោយសារជំងឺកូវីដ១៩នេះ សភារឹតតែមានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានា តាមរយៈការសម្របសម្រួល ការត្រួតពិនិត្យតាមដាន និងការអនុម័តច្បាប់សំខាន់ៗ និងការអនុម័តនូវកញ្ចប់ថវិកាសង្រ្គោះ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់សម្តេច ហេង សំរិន បានធ្វើឡើងក្នុងមហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល ដែលរៀបចំធ្វើនៅសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។ មហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល នៅឆ្នាំ២០២០នេះ រៀបចំឡើងក្រោមប្រធានបទ៖ «ឈានឆ្ពោះទៅកសាង និងធ្វើឱ្យសង្គមជាតិទាំងមូលប្រសើរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩៖ ឯករាជ្យភាព វិបុលភាព និងគុណតម្លៃជាសកល»

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ចសកលជារួម តែការឆ្លើយតបចំពោះវិបត្តិនេះ មានលក្ខណៈខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយ ដែលធ្វើឱ្យលទ្ធផលមិនទាន់បានពេញចិត្តទាំងស្រុង។ សម្តេចបន្តថា ការឆ្លើយតបចំពោះបញ្ហាកូវីដ១៩ ហាក់បង្ហាញថា ពិភពលោក ប្រឆាំងនឹងសត្រូវរួម តែដំណោះស្រាយមិនដូចគ្នា។

សម្តេចបានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាកូវីដ១៩ ទាមទារឲ្យធ្វើការរួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ជាកត្តាសំខាន់និងមិនអាចខ្វះបាន។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានចែករំលែកបទពិសោធន៍ ដែលកម្ពុជាបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ប្រកបប្រសិទ្ធភាពខ្ពស់តាមរយៈការអនុវត្តប្រតិបត្តិនូវវប្បធម៌ចែករំលែក និងសាមគ្គីភាព ដល់មហាសន្និបាតផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកឡើងថា ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាមទារថវិកា សម្ភារបរិក្ខារ និងកម្លាំងមនុស្សច្រើន។ កម្ពុជាបានរួមគ្នាបរិច្ចាគ និងចែករំលែកនូវធនធាន តាមលទ្ធភាពគ្រប់ភាគីមានស្ថាប័នរដ្ឋ ឯកជន គូអភិវឌ្ឍន៍ និង អង្គការមិនមែនរដ្ឋាភិបាល ទៅដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ ផ្តោតសំខាន់លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការប្រែក្លាយផ្នែកឌីជីថល និងទេសចរណ៍ក្នុងស្រុក ដែលជាវិស័យអាទិភាពទៀតផង។

ដើម្បីស្តារ និងកសាងសង្គមជាតិនៅពេលនេះ និងក្រោយវិបត្តិកូវីដ១៩បញ្ចប់ទៅ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា គេគួររៀបចំផែនការស្តារឡើងវិញ ប្រកបដោយភាពជាក់លាក់ ដោយដាក់ចេញនូវសេណារីយ៉ូចាំបាច់ សម្រាប់បើកឱ្យដំណើរការជាបណ្តើរៗ នូវការធ្វើដំណើរឆ្លងកាត់ និងប្រតិបត្តិការ ពាណិជ្ជកម្ម ព្រមទាំងការស្តារឡើងវិញនូវវិស័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ និងត្រូវថែរក្សាសុខសន្តិភាពនៅក្នុងតំបន់និងសកលលោក ជាចម្បងនិងចាំបាច់។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា សន្តិភាពត្រូវដើរទន្ទឹមគ្នានឹងការអភិវឌ្ឍ និងត្រូវមានវិធានការបង្កើនការគាំពារសង្គមបង្កើនសមត្ថភាព និងប្រសិទ្ធភាព ក្នុងប្រព័ន្ធសុខាភិបាល និងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម ពន្លឿនការប្រែក្លាយបច្ចេកវិទ្យាឌីជីថលឱ្យមានប្រសិទ្ធភាព ហើយសភាត្រូវយកចិត្តទុកដាក់ នៅក្នុងការអនុម័តច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ សំដៅធានាផ្តល់ផល ប្រយោជន៍ដល់ប្រទេសទាំងអស់ ក្នុងតំបន់និងសកលលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ នូវសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ទៀតថា ក្នុងបរិបទនេះសភាត្រូវយកចិត្តទុកដាក់នៅក្នុងការអនុម័តច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ សំដៅធានាផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងអស់ ក្នុងតំបន់និងសកលលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ នូវសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ។

ឆ្លៀតឱកាសនោះ សម្តេចបានសម្តែងការកោតសរសើរលោកស្រីបណ្ឌិត ហាក់ ចា ហាន មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល ដែលបានរៀបចំវេទិកាដ៏មានសារៈប្រយោជន៍នេះឡើង ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំជុំវិញពិភពលោក ទាំងអ្នកនយោបាយ អ្នកដឹកនាំសាសនា អ្នកសេដ្ឋកិច្ច អ្នកសារព័ត៌មាន និងអ្នកសិក្សាស្រាវជ្រាវ បានបញ្ចេញនូវទស្សនៈ មតិយោបល់ និងបទពិសោធន៍ជាគន្លឹះក្នុងការរួមគ្នា ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋខ្លួន និងសកលលោក ដើម្បីសម្រេចបានពិភពលោកមួយ មានសុខសន្តិភាព សុខដុមរម្យនា និងវិបុលភាព។

សូមជម្រាបថា សហព័ន្ធសន្តិភាពសកល ដែលហៅកាត់ថា UPF ជាអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបង្កើតឡើងដោយលោក Sun Myung Moon និងលោកស្រីហាក់ ចា ហាន មូន (Hak Ja Han Moon) នៅឆ្នាំ២០០៥។ អង្គការនេះ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ តាមរយៈការប្រមូលមតិយោបល់ ពីមហាសន្និបាតប្រចំាឆ្នាំរបស់ខ្លួន ក្រោមប្រធានបទជាក់ស្តែងដែលកំពុងកើតមាន៕