(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្នាធ្នង់ បានថ្លែងជំរុញប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះគជប ត្រូវមកពិនិត្យឈ្មោះបានគ្រប់គ្នាៗ និងសំណូមពរដល់ប្រជាពលរដ្ឋដែល់គ្រប់អាយុបោះឆ្នោត ឲ្យបានទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ចំនួនតាមផែនការគ្រោងទុក និងការផ្លាស់ប្តូរឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រភេទ១ និង២ ។

ការថ្លែងរបស់ប្រធានក្រុមការងារចុះជួយឃុំថ្នាធ្នង់ ស្រុករំដួល យ៉ាងដូច្នេះ បានធ្វេីឡេីងនៅរសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០ ក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃការងារ ដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ អំពីបញ្ហាប្រឈម សំណូមពរ ដើម្បីស្វែងរកដំណោះស្រាយ លើការងារជួបប្រទះកន្លងមក។

លោកតូច ប៉ូលីវ៉ា បានថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំថ្នាធ្នង់ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចំពោះការងារបក្ស និងបានពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានយ៉ាងល្អជាពិសេសបានកៀរគររកសមាជិកថ្មីបន្ថែមទៀតដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាមានសំឡេងគាំទ្រកាន់តែច្រើនឡើង។

លោកក៏បានថ្លែងអំពាវនាវដល់សមាជិកសមាជិកាគណបក្សត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋដោះស្រាយរាល់សំណូមពរនានាទាំងសេវាសំណូមពរនិងសេវាតម្រូវការឱ្យមានគណនេយ្យភាពនិងតម្លាភាពល្អ ហើយត្រូវបន្តអនុវត្តការងារសំខាន់ៗរបស់បក្សឲ្យបានជោគជ័យបន្ថែមទៀត។

លោកថ្លែងថា អាជ្ញាធរដែនដីកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវអប់រំកូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងរួមគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងត្រូវការពារ សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា និងត្រូវបង្កើនការដាំដំណាំរួមផ្សំចិញ្ចឹមសត្វឲ្យបានច្រើនក្នុងអំឡុងពេលកូវីដ១៩នេះផងដែរ៕