(កោះកុង)៖ លោក សំ ឃិតវៀន ស្នងការនគរបាល ខេត្តកោះកុងបានឲ្យដឹងនៅព្រឹកថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ដើម្បីទប់ស្កាត់រាល់បទល្មើស និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដូចជាភ្ញៀវជាតិ និងអន្តរជាតិក្នុងដំណើរកំសាន្ត មកខេត្តកោះកុង នៃការអបអរសាទរនាបុណ្យចូលឆ្នាំ ប្រពៃណីចិន និងឈានចូលមកដល់រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ លោកបានផ្តល់ដំណឹងជូនទៅអធិការនគរបាលតាមស្រុកក្រុង ត្រូវបង្កើនសកម្មភាពពង្រឹង និងការការទប់ស្កាត់ការប្រើគ្រឿងផ្ទុះ។
លោក សំ ឃិតវៀន បានថ្លែងថា ត្រូវទប់ស្កាត់រាល់បទល្មើសកុំឲ្យកើតមានឡើង ដើម្បីរក្សាសណ្តាប់ធ្នាប់ឲ្យបានល្អ នៅទីសាធារណៈ ជាពិសេស ត្រូវនៅតាមទីផ្សារ និងផ្ទះរបស់អាជីវករមិនឲ្យលក់គ្រឿងផ្ទុះ( ផាវ )ឡើយ បើមានលក់ដូរនៅរបស់ខាងលើ ត្រូវដកហូតយកមករក្សាទុកនៅកន្លែងអធិការដ្ឋានជាធរមាន។ លោកបានបន្តថា ព្រោះការដុតផាវនេះ វាអាចធ្វើផលប៉ះពាល់ដល់សណ្តាបធ្នាប់សង្គម និងអាចធ្វើឲ្យសុវត្ថិភាពសង្គមផងដែរ។ វាអាចធ្វើឲ្យជនខិលខូចមួយចំនួន ក្លែងបន្លំស្ថិតក្នុងករណីណាមួយ។ ហេតុដូច្នេះ លោកអធិការគ្រប់បណ្តាស្រុកក្រុងទាំអស់ ត្រូវធ្វើការផ្សព្វផ្សាយដល់អាជីវករ ទាំងអស់មិនឲ្យលក់គ្រឿងផ្ទុះ(ផាវ )ឡើយ។ លោកបានឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវដាក់កម្លាំងឈរជើងឲ្យគ្រប់គោលដៅ និងដើរល្បាតជាប់ជានិច្ច មិនត្រូវធ្វេសប្រហែលឡើយ និងសមត្ថកិច្ចទាំងអស់ត្រូវរក្សាក្រមសីលធម៌ជាកងកម្លាំងសមត្ថកិច្ច។
លោកស្នងការក៏សុំធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិមានដំណើរកំសាន្ត នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនបើកបរឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការធ្វើដំណើរ៕