(ភ្នំពេញ)៖ ទីតាំងចែកចាយគ្រឿងញៀនមួយកន្លែង និងជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ សហការនិងកម្លាំង នគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ ស៊ើបអង្កេត ហើយឈានដល់ការពួនស្ទាក់បង្ក្រាបឃាត់ខ្លួន ព្រមទាំងដកហូតគ្រឿងញៀន ២កញ្ចប់តូចធំ នៅវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចតំបន់មិនរៀបរយមាត់ទន្លេ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនត្រូវសង្ស័យ១ឈ្មោះ ស៊ីម ចាន់នូ ភេទស្រី អាយុ១៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ទី២ឈ្មោះ ខន បូរី ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបតមិនពិតប្រាកដ អ្នកទាំង២ស្នាក់នៅ ភូមិ សង្កាត់កើតហេតុខាងលើ រីឯ៣ឈ្មោះ ស៊ី ឆាន់ អាយុ១៧ឆ្នាំ មានមុខរបររើស អេតចាយស្នាក់នៅភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ អនុប្រធានផ្នែកព្រហ្មទណ្ឌខណ្ឌឫស្សីកែវ លោក ម៉ៅ ចាន់ថុន បានឲ្យថា ការបង្ក្រាបសំបុកចែកចាយគ្រឿងញៀនត្រូវធ្វើជាបន្តបន្ទាប់ដូចភ្លៀងរលឹម ក្រោយមានការចង្អុលបង្ហាញពីអធិការនគរបាល ខណ្ឌឫស្សីកែវ។ ជាក់ស្តែងនៅពេលនេះកម្លាំងនគរបាល បានចុះបង្ក្រាបជាក់ស្ដែង នូវទីតាំងផ្ដល់ការចែកចាយសារធាតុញៀន ដោយមានការចូលរួមពីកម្លាំងប្រជាការពារ កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ និងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវដឹកនាំ អធិការរងទទួលផែនព្រហ្មទណ្ឌលោក អ៊ីវ ឈុនភេង និងលោក លឹម សេរីសោភ័ណ អធិការរងនគរបាលខណ្ឌឫស្សីកែវ ។
ប្រតិបត្តិការនេះ កម្លាំងនគរបាល បានដាក់ផែនការស៊ើបអង្កេតប្រើគ្រប់វិធានការ ឈានដល់ការពួនស្ទាក់ បង្ក្រាបចាប់ខ្លួនជនពាក់ព័ន្ធ ជួញដូរគ្រឿងញៀន៣នាក់ ខាងលើ ហើយបានរកឃើញក្រាមសថ្លា ជាប្រភេទម៉ាទឹកកកចំនួន១កញ្ចប់តូច និង១កញ្ចប់ធំដែលអាច ច្រកជាកញ្ចប់តូចៗ បានចំនួន១០កញ្ចប់ដែលជនសង្ស័យបានរក្សាទុកធ្វើសកម្មភាពជួញដូរខុសច្បាប់។
បច្ចុប្បន្នជនត្រូវជាប់សង្ស័យប្រុសស្រីទាំង៣នាក់ រួមនិងវត្ថុតាង កំពុងសួរនាំនិងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការនគរបាលខណ្ឌ ឫស្សីកែវ ដើម្បីបន្តនីតិវិធីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
Posted by Sheet on Monday, February 1, 2016