(សៀមរាប)៖ សមាគមគ្រូពេទ្យកម្ពុជា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំសន្និសិទស្ដីពី បច្ចុប្បន្នភាពរោគកុមារវិទ្យាលើកទី៥ ក្នុងគោលបំណងផ្ដល់នូវវេទិកាដល់អ្នកឯកទេសផ្នែករោគកុមារទាំងក្នុងប្រទេស និងក្រៅប្រទេស ចែករំលែក និងផ្លាស់ប្ដូរនូវបទពិសោធន៍រវាងគ្នា ក៏ដូចជាជួយផ្ដល់នូវចំណេះដឹងថ្មីៗកម្មវិធីនេះ នៅសណ្ឋាគារសុខាសៀមរាប។
កម្មវិធីនេះស្ថិតក្រោមអធិបតិភាពរបស់លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏មានការចូលរួមផ្ទាល់ពីបណ្ដាសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ ដែលជាសមាជិកសមាគម គ្រូពេទ្យកុមារកម្ពុជាប្រមាណជាង ១០០នាក់ និងជាង ៣០០នាក់ទៀតចូលរួមតាមអនឡាញ ព្រមទាំងមានវាគ្មិនដែលជាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតជំនាញ់ៗនៃកម្ពុជា និងមានវាគ្មិនមកពីអឺរ៉ុប ដែលបានធ្វើបទបង្ហាញតាមអនឡាញផងដែរ។
តាមការបញ្ជាក់របស់តំណាងនៃអង្គសន្និសិទនេះ បានឲ្យដឹងថា ទោះក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏សមាគមសមាគមនគ្រូពេទ្យកុមារកម្ពុជា នៅតែប្រារព្ធសន្និសិទនេះយ៉ាងទៀងទាត់ ដូចរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីផ្ដល់នូវវេទិកាដល់អ្នកឯកទេសផ្នែករោគកុមារទាំងក្នុងប្រទេស និងក្រៅប្រទេស បានចែករំលែក និងផ្លាស់ប្ដូរនូវបទពិសោធន៍រវាងគ្នា ក៏ដូចជាជួយផ្ដល់នូវចំណេះដឹងថ្មីៗ ទាក់ទងនឹងរោគកុមារទាំងនេះ ដើម្បីឲ្យសិក្ខាកាមទាំងអស់អាចទាញយកសារសំខាន់ សម្រាប់ប្រើជាប្រយោជន៍ ក្នុងការថែទាំ និងព្យាបាលកុមារកម្ពុជា ។
លោកតំណាង បានបញ្ជាក់ថា ៖ ប្រធានបទនៃសន្និសិទលើកនេះ គឺបានបង្ហាញអំពី៖
* ករណីនៃជំងឺគ្រុនឈិក ដែលបានកើតច្រើនជាងបណ្ដាឆ្នាំមុនៗ លើកុមារ មនុស្សចាស់ របស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប។
* ការព្យាបាលជំងឺរលាកសួតខ្លាំងខ្លា នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។
* ករណីរលាកទងសួតរ៉ាំរ៉ៃ និងបទពិសោធន៍នៃការបណ្ដុះបណ្ដាលមេរោគ ដើម្បីធ្វើរោគវិនិច្ឆ័យនៃជំងឺ ដែលបណ្ដាលមកពីបាក់តេរី នៅមន្ទីរពេទ្យកុមារអង្គរ។
* ករណីជំងឺស្លេកស្លាំងនៃកុមារ ដោយសារកង្វះជាតិដែក ដែលបណ្ដាយមកពីការទទួលរបបអាហាមិនត្រឹមត្រូវ ឬកង្វះអាហារូបត្ថម្ភ នៅមន្ទីរពេទ្យកុមារជាតិ។
* បទពិសោធន៍នៃការលាងជាតិពុល លើកុមារ ក្នុងករណីកុមារមានជំងឺខ្សោយតម្រងនោមស្រួចស្រាល នៅមន្ទីរពេទ្យគន្ធបុប្ផា។
* យល់ដឹងអំពីសារៈសំខាន់នៃប្រព័ន្ធភាពស៊ាំ និងសុខភាពក្រពះ ពោះរៀនរបស់កុមារ ដោយផ្ដោតទៅលើកត្តាដែលធ្វើឲ្យខូចខាត់មីក្រូសារពាង្គកាយរបស់កុមារ ដែលបង្ហាញដោយវាគ្មិនមកពីអឺរ៉ុប។
ក្នុងនោះផងដែរ លោកសាស្ត្រាចារ្យ យិត ស៊ុនណារ៉ា បានផ្ដាំផ្ញើឲ្យសមាជិក នៃសន្និសិទទាំងអស ជាគ្រូពេទ្យកុមារ មកពីមន្ទីរពេទ្យនានា ពីខេត្ត និងក្រុង ឲ្យពាំនាំនូវចំណេះដឹងថ្មីៗនេះ ដើម្បីចូលរួមក្នុងការផ្ដល់នូវសេវាព្យាបាលកុមារៗយើងឲ្យមានប្រសិទ្ធិភាព គុណភាព និងសុវត្ថិភាព។
លោកបានសុំឲ្យសមាជិក និងក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ជានិច្ច ក្នុងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ហើយសំណូមពរឲ្យសិក្ខាកាមទាំងអស់ផ្សព្វផ្សាយដល់សហភារៈផ្សេងទៀត ដើម្បីធ្វើឲ្យកាន់តែប្រសើរ ក្នុងការផ្ដល់សេវាសុខភាពជូនប្រជាជនយើង ស្របតាមគោលនយោបាយប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន ៕