(កំពង់ស្ពឺ)៖ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក លោក ហេង សុខគង់ និងលោកស្រី តំណាងលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បាននាំយកនូវអំណោយ ជូនដល់កុមារកំព្រា ដែលរស់នៅមជ្ឈមមណ្ឌលកុមារកំព្រាចំនួន៣ មណ្ឌលកុមារកំព្រា ខេត្តកំពង់ស្ពឺ, សេចក្តីសង្ឃឹមថ្មី និងមណ្ឌលកុមារកំព្រាដំណឹងល្អ ដែលស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅនៅថ្ងៃ២៦ ខែកញ្ញានេះ។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុន នំស្រួយ លី លី, លោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងលោក ហុក ម៉ារ៉ាឌី អភិបាលនៃគណៈអភិបាលក្រុងច្បារមន។
ក្នុងឱកាសលោក ហេង សុខគង់ បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់លោក ហ៊ុន ម៉ានី និងលោកស្រី ជូនចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកមជ្ឈមណ្ឌល និងកុមារកំព្រាទាំងអស់ដែលកំពុងស្នាក់នៅ និងរៀនសូត្រនៅក្នុងមជ្ឈមណ្ឌលទាំង៣ផងដែរ ប្រមាណជិត២០០នាក់ ។
លោក ហេង សុខគង់ ក៏បានលើកឡើងពីការរីកចម្រើន និងអភិវឌ្ឍយ៉ាងលឿននៃសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈកាលជាង២១ឆ្នាំកន្លងមក ក្រោមដំបូលនៃសុខសន្តិភាព ដែលមានសម្តេចតេជោជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយ ហើយឆ្នាំនេះ ទោះបីពិភពលោកប្រឈមនឹងជំងឺកូវីដ១៩ ហើយកម្ពុជាក៏រងនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចដែរនោះ តែកម្ពុជានៅតែអាចធានាបាននូវសន្តិសុខស្បៀង និងការនាំចេញ ជាពិសេសកសិផលគួរឱ្យកត់សម្គាល់ផងដែរ។
លោកបន្តថា ដោយឡែកនៅខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តមួយនេះលើគ្រប់វិស័យ ជាក់ស្តែងសមិទ្ធផលជាច្រើនបានលេចចេញជារូបរាងឡើងជាបន្តបន្ទាប់ដូចជាបណ្ណាល័យ សួនច្បារ កន្លែងហាត់ប្រាណ ពហុកីឡដ្ឋាន មន្ទីរពេទ្យ សាលារៀន វត្តអារ៉ាម ។ល។
បន្ទាប់ពីពិធីសំណេះសំណាលរួចមក លោក ហេង សុខគង់ ក៏បានដឹកនាំក្រុមគ្រូពេទ្យ ផ្តល់សេវាពិនិត្យព្យាបាលដល់កុមារកំព្រាទាំងអស់ដោយឥតគិតថ្លៃ ពីសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក រួមមានជំងឺកុមារ ជំងឺមាត់-ធ្មេញ រោគស្ត្រី ជំងឺត្រចៀក ច្រមុះ បំពង់ក ពិនិត្យនិងបំពាក់ឧបករណ៍គ-ថ្លង់ អេកូសាស្ត្រ និងអប់រំសុខភាពផ្លូវចិត្ត។
សម្រាប់អំណោយរបស់ លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ដែលបានចែកជូនមណ្ឌលកុមារកំព្រាទាំងបីរួមមាន៖ អង្ករ៣០០គីឡូក្រាម, មី១០កេស, ទឹកត្រី១០យួរ, ទឹកស៊ីអ៉ីវ១០យួរ, ទឹកផ្លែឈើ២០កេស ទឹកក្រូច១០កេស, ទឹកអាគ័ររៀ១០កេស, សាប៊ូទឹកលាងដៃ១០កេសធំ, ជែល១០កេស,
សៀវភៅ២០០ក្បាល, ខិត្តបណ្ណផ្សព្វផ្សាយពីវិធីបង្ការជំងឺកូវីដ១៩ ចំនួន២០០០សន្លឹក នំស្រួយលីលី ៥កេសធំ ទឹកអាល់កុលចំនួន៤កេស ម៉ាសចំនួន២៥០ម៉ាស នំប៉័ង និងទឹកសុទ្ធសម្រាប់កុមារ និងលោកតា លោកយាយនៅជុំវិញមជ្ឈមណ្ឌល។
ព្រមជាមួយគ្នានេះ លោកស្រី ហង្ស ម៉ារីណា ហេង សុខគង់ ក៏បានឧបត្ថម្ភថវិកាដល់កុមារ ក្នុងម្នាក់ៗ១ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូ មេដោះ និងគ្រូអង់គ្លេស ម្នាក់ៗ ៣ម៉ឺនរៀលផងដែរ៕