(កំពង់ឆ្នាំង)៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ចំណតរថយន្ត និងវិថីម្ហូបអាហារ និងសួរសុខទុក្ខកងកម្លាំងឈរជើង និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
របាយការណ៍ស្វាគមន៍របស់លោកអភិបាលក្រុងកំពង់ឆ្នាំង បានលើកសរសើអំពីស្នាដៃរបស់នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ដែលបានបំពេញ និងដឹកនាំ ការងារស្ថាបនាសមទ្ធិផលជាច្រើនក្នុងក្រុង រួមមាន សួនច្បារ ផ្លូវកៅស៊ូ ផ្លូវបេតុង ផ្លូវអេស៉ី... ហើយថ្ងៃនេះក្រុងកំពង់ឆ្នាំង បានទទួលសមិទ្ធិផលមួយទៀត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អសោភ័ណ្ឌភាពក្រុងគួរជាទីមោទនៈ។
ក្នុងនោះដែរលោក ឈួរ ច័ន្ទឌឿន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយឧត្តមសេនីយ៍ ដែលបានខិតខំអស់កម្លាំងកាយ ចិត្ត កៀរគរ រកប្រភពធនធានដើម្បីយកមកអភិវឌ្ឍន៍ ក្នុងខេត្តកំពង់ឆ្នាំង។
នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានមានមតិសំណេះសំណាល ដោយបានថ្លែងអំណរគុណ ចំពោះលោកអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងទាំងអស់ ជាពិសេសអភិបាលខេត្ត។ លោកបាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ បានបន្តថា ជាការឆ្លើយតបនឹងការកើតសរសើរ វាយតម្លៃខ្ពស់ ពីលោកអភិបាលខេត្តចំពោះរូបលោក លោកមិនអាចបំភ្លេចបាននូវគុណប្រមុខរាជរដ្ឋាភិបាល (សម្តេចតេជោ, សម្តេចក្រឡាហោម ព្រមទាំងអគ្គបណ្ឌិតសភាចារ្យ)។ លោកថ្លែងថា បើគ្មានឥស្សរជនទាំងនេះទេ ក៏លោកមិនមានកិត្តិយសអាចបញ្ចេញស្នាដៃឲ្យបានឃើញក្នុងថ្ងៃនេះ ក៏ដូចជាពេលកន្លងមកដែរ។
លោក ឈន សារ៉ាណេ ក៏សូមគោរពចំពោះរៀមច្បងក្នុងអង្គពិធី ទោះបីពេលនេះពួកគាត់មិនទាន់មានតួនាទី និងឋារនន្តស័ក្តិស្មើលោកក៏ដោយ ក៏ពួកគាត់នេះហើយជាអ្នកដែលមានស្នាដៃដ៏ធំធេង សម្រាប់បុព្វហេតុការពារទឹកដី កាលពីជាង៤០ឆ្នាំមុន នៅពេលដែលប្រទេសជាតិមិនទាន់មានសន្តិភាពពេញលេញ។ ពួកគាត់បានលះបង់អាយុជីវិត ដើម្បីប្រយុទ្ធគៀកស្មារ ដោយមិនខ្លាចពលីជីវីតឡើយ។
លោកបានថ្លែងបន្តទៀតថា នេះហើយដែលបង្ហាញឲ្យឃើញពីវប្បធម៌ខ្មែរ ក្នុងការគោរពឲ្យតម្លៃគ្នាទៅវិញទៅមក។ ម៉្យាងវិញទៀត ការកសាងជាតិមាតុភូមិ ត្រូវការចូលរួមចំណែកគ្រប់បណ្តាអង្គភាពទាំងអស់ សុទ្ធតែមានគុណសម្បត្តិដូចៗគ្នា តួយ៉ាងដូចជាក្នុងខេត្តកំពង់ឆ្នាំងនេះ អង្គភាពទាំង២០ សុទ្ធតែមានស្នាដៃរៀងៗខ្លួនក្នុងការកសាងជាតិមាតុភូមិតាមជំនាញនីមួយៗ។
នាយឧត្តមសេនីយ៍ ក៏បានលើកឡើងបន្ថែមថា «សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ក៏ដូចជាអ្នកដំណើរ មេត្តាអធ្យាស្រ័យ និងអភ័យទោស ដែលក្នុងរយៈពេលនៃការសាងសង់ផ្លូវនេះ វារងនូវផលប៉ះពាល់ដូចជា ហុយដី ក្រហិកក្រហុក... ពិបាកក្នុងការធ្វើដំណើរ ប្រៀបដូចជាការកាត់សំលៀកបំពាក់ នៅពេលដែលមិនទាន់កាត់ហើយចេញជារូបរៀង យើងមើលឃើញ តែសាច់ក្រណាត់កញ្ឆេញកញ្ឆូញ ប៉ុន្តែនៅពេលកាត់ចេញជាសំលៀកបំពាក់ហើយ វាស្អាតគួរឲ្យចង់ពាក់ និងថែរក្សា រីឯការស្ថាបនាផ្លូវ ក៏ដូចគ្នានេះដែរ»។
នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានផ្តាំផ្ញើបន្ថែមទៀតថា ក្នុងនាមជាកងកម្លាំង ឬមន្ត្រីរាជការ ដែលមានស្នាដៃក្នុងការបម្រើជាតិមាតុភូមិ ក៏ដូចជាបម្រើប្រជាពលរដ្ឋ វាជាគុណសម្បត្តិមួយមិនអាចកាត់ថ្លៃបានឡើយ ដូចនេះមិនត្រូវយកគុណសម្បត្តិទាំងនេះ យកមកកាត់កងនូវទង្វើខុសច្បាប់របស់ខ្លួន ដូចជា កាងកូនត្រី កាងទំនិញគេចពន្ធ កាងគ្រឿងញឿន ឬបើកល្បែងស៉ីសង... ដើម្បីកាត់កងស្នាដៃរបស់ខ្លួនឡើយ។ លោកដាស់តឿនថា គុណសម្បត្តិ ជារឿងមួយ ឯបទល្មើសគឺជារឿងមួយដោយឡែក ការប្រព្រឹត្តបទល្មើសមនុស្សគ្រប់រូប គឺទទួលខុសចំពោះមុខច្បាប់ស្មើៗគ្នា ។
នាយឧត្តមសេនីយ៍ ក៏បានលើកឡើងមោទនភាពជាតិ ដែលបាននាំចេញនូវកសិផលទៅកាន់ទីផ្សារបរទេសហើយទទួលបាននូវស្នាដៃដ៏ល្អ តួយ៉ាងដូចជាការនាំចេញស្វាយទៅប្រទេសចិន ដែលស្វាយកម្ពុជាត្រូវបានគេទទួលស្គាល់ថាមានរសជាតិជាងស្វាយដែលនាំចូលពីប្រទេសពីលីពីន ដែលប្រទេសពីលីពីនបាននាំចូលទៅកាន់ប្រទេសចិន មានរយៈពេល១៤ឆ្នាំហើយ។ ជាមោទនភាពបន្ថែមទៀតនោះ រាល់ការស្ថាបនាផ្លូវ ជាប្រភេទបេតុងទាំងអស់នេះ ប្រទេសយើងមានផលិតផលជាវត្ថុធាតុដើមផលិតក្នុងស្រុក ស្ទើរតែ១០០ភាគរយ។
ជាចុងបញ្ចប់ នាយឧត្តមសេនីយ៍ បាននាំថវិកា និងស៉ីម៉ង់ ត៍ ដែលជាអំណោចសម្តេចក្រឡាហោម ស ខេង រួមមាន៖
* ថវិកាចំនួន ១លាន ជូន ២១អង្គភាព សរុប ២២លានរៀល
* ស៉ីម៉ង់ត៍ចំនួន ៨៨តោន ជូន១៦អង្គភាព ក្នុងមួយអង្គភាព ៥តោន
* កងកម្លាំង មន្ត្រីរាជការ ប្រជាពលរដ្ឋ ៣០០នាក់ ក្នុងម្នាក់ ២០ ០០០រៀល ផងដែរ៕