(ព្រះសីហនុ)៖ សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់ថា សម្រាប់គណបក្សប្រជាជនកម្ពុជា
ការកសាងស្ពានសន្តិភាព គឺជាចំណុចសំខាន់ និងចាំបាច់មិនអាចខ្វះបាន។ សន្តិភាព គឺជាឱកាសដ៏ពិសិដ្ឋក្នុងស្តារសេដ្ឋកិច្ច មុខមាត់ កិត្យានុភាពប្រទេសជាតិ ឲ្យចម្រើនរុងរឿងខ្លាំងក្លាថែមទៀត។
ការបញ្ជាក់បែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២០២៣ ដោយមានការចូលរួមពីសមាជិកក្រុមការងារចុះមូលដ្ឋាន ខេត្តព្រះសីហនុ និងសមាជិកក្រុមការងារគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រះសីហនុផងដែរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់គណបក្សប្រជាជនកម្ពុជា ការកសាងស្ពានសន្តិភាព គឺជាចំណុចសំខាន់ និងចាំបាច់មិនអាចខ្វះបាន។ សន្តិភាពនេះហើយ គឺជាឱកាសដ៏ពិសិដ្ឋក្នុងស្តារសេដ្ឋកិច្ច មុខមាត់ កិត្យានុភាពប្រទេសជាតិ ឲ្យចម្រើនរុងរឿងខ្លាំងក្លាថែមទៀត»។
លោក សាយ សំអាល់ បានគូសបញ្ជាក់ថា ការផ្សះផ្សារ បង្រួបបង្រួមជាតិ ការបញ្ចប់សង្គ្រាម ការកសាងសុខសន្តិភាពពេញលេញ បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិមាតុភូមិ និងកត្តាគន្លឹះមួយនៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។ បច្ចុប្បន្នផ្លែផ្កានៃសន្តិភាពបាននឹងកំពុងធ្វើឲ្យប្រជាជនទទួលបានផលនិងទទួលអំណរសាទរយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាល។
លោក សាយ សំអាល់ បានឲ្យដឹងថា គោលការណ៍ទូទៅសម្រាប់ពិនិត្យការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោត ការចែករំលែកបទពិសោធន៍ទាក់ទងនិងការងារបោះឆ្នោត និងទិសដៅការងារសម្រាប់ការបោះឆ្នោតនាពេលខាងមុខត្រូវបានធ្វើបទបង្ហាញពីសំណាក់វាគ្មិនសំខាន់ៗ មកពីក្រសួង ស្ថាប័នជំនាញ និងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ជាដើម។
នាឱកាសនោះលោក សាយ សំអាល់ ចាត់ទុកថា វេទិកាដែលរៀបចំឡើងនៅពេលនេះពិតជាមានសារៈសំខាន់ សម្រាប់សមាជិកនៅតាមមូលដ្ឋានខេត្តព្រះសីហនុ បានស្វែងយល់កាន់តែច្បាស់អំពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោតផងដែរ។
ជាមួយគ្នានេះ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា ការបោះឆ្នោតគឺបញ្ជាក់ពីការគាំទ្ររបស់ពលរដ្ឋ ចំពោះគណបក្សនយោបាយ។ ឆ្នាំ២០២២នឹងមានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយឆ្នាំ២០២៣នឹងមានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា៕