(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានគណៈពង្រឹងភូមិ និងជាប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានចុះសំណេះសំណាលជាមួយក្រុមការងារ និងនាំយកអំណោយ បរិភោគ ចែកជូនដល់ក្រុមការងារ និងពលរដ្ឋខ្វះខាត ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦។
នៅក្នុងឱកាសនោះមេបក្សភូមិ តំណាងក្រុមបក្ស តំណាងយុវជន ប្រជាការពារ លោកតាអាចារ្យ ចំនួន ១០ នាក់ ដោយម្នាក់ៗ ទទួលបានមីយើង១កេស អ្នកជម្ងឺស្រ្តីម្នាក់ មី២កេស ថវិកា១០ម៊ឺនរៀល និងស្រ្តីសំរាលកូន២នាក់ ក្នុងម្នាក់ៗ មី១កេស ទឹកផ្លែឈើ ១កេស ថវិកា១០ម៊ឺនរៀល ដើម្បីជួយចែករំលែកការខ្វះខាតរយៈពេលខ្លីក្នុងជីវភាពប្រចាំថ្ងៃ។ នាឱកាសនោះ លោកក៏បានចែកជូនក្រុមប្រជាការពារ៨នាក់ ក្នុងម្នាក់ៗ សម្លៀកបំពាក់មួយឈុត វិទ្យុទាក់ទង៤គ្រឿង និងប្រាក់ឧបត្ថម្ភប្រចាំខែ មួយចំនួនផងដែរនៅដើមខែកុម្ភៈនេះ។
ករណីការស្នើសុំជួសជុលផ្លូវជាតិលេខ១១០ ដែលលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលចម្ងាយ៧០០ម៉ែត្រ ផ្លូវលំក្នុងភូមិជាង១គីឡូម៉ែត្រ និងការជួសជុលស្ពាន២កន្លែង ដែលបាក់បែកបាក់ឌ្រុទទ្រោម លោក សាន វិជ្ជាសារ៉ាវុធ នឹងរាយការណ៍លម្អិតជូនដល់លោកប្រធានគណៈពង្រឹងឃុំឈើខ្មៅ ដើម្បីបានជ្រាបងាយស្រួល និងមានវិធានការដោះស្រាយបន្តបន្ទាប់ជូនប្រជាពលរដ្ឋតាមលទ្ធភាពជាក់ស្តែង៕