(កំពត)៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្ម បន្តចុះពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប ចុះពិនិត្យសំណង់ទំនប់ បង្ហៀរអាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
សូមបញ្ជាក់ជូនជ្រាបថា សំណង់ទំនប់បង្ហៀរខាងលើ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមសាងសាង់ជាថ្មី ទើបរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ដែលមានប្រវែង ៩៦ម៉ែត្រ ជាមួយសំណង់ទ្វារទឹក(ទ្វារ០៣) សាងសង់លើទំនប់ចាស់ ដែលកសាងឡើងក្នុងសម័យខែ្មរក្រហម រួចបានត្រូវជួសជុលកែលំអឡើងវិញ ម្តងរួចមកហើយ ក្នុងឆ្នាំ២០០៨ ហើយបានបន្តយាយីដោយដោយជំនន់ទឹកភ្លៀងកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ តែត្រូវបានក្រសួងអន្តរាគមន៍ ទប់ទល់បានទាន់ពេលវេលា។
ទំនប់អាងទឹកនេះ ជាប្រភេទអាងដែលហៅថាអាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹក ទុកក្នុងបរិមាណ ១០លានម៉ែត្រគូប ដោយមានរបបជលសាស្ត្រជារបបជ្រោះ(Regime torrentiel)។
លោករដ្ឋមន្ត្រី បានថ្លែងថា ការចុះពិនិត្យ សំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វនេះ គឺជាការចុះពិនិត្យស្ថានភាពជាក់ស្តែង និងរំលឹកអនុវស្សាវរីយ៍របស់ លោកបានដឹកនាំ កម្លាំង ចុះអន្តរាគមន៍ផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង អគ្គនាយក មន្រ្តីបច្ចេកទេស ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន១៤គ្រឿង អន្តរាគមន៍ដោយគ្មានឈប់សម្រាក ទល់ភ្លឺកាលពីល្ងាចថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩ ចំណាយរយៈពេលជាង២០ម៉ោង ដើម្បីបញ្ជៀសការលិចលង់ភូមិឋានប្រជាពលរដ្ឋនាពេលនោះ។
លោករដ្ឋមន្ដ្រីបន្ដថា ពេលនេះ សំណង់ទំនប់បង្ហៀរសាងសង់រួច បានផ្តល់ពហុប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋក្នុងតំបន់ រួមមានប្រើប្រាស់ទឹកបម្រើ ដល់ការងារបង្កបង្កើនផល ជារមណីដ្ឋានសម្រាប់ភ្ញៀវទេសចរកំសាន្ត និងការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។
សូមជម្រាបថា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងការដំណើរបេសកកម្មបន្តចុះពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប បានចុះពិនិត្យសំណង់ស្ទាក់ទឹក លើស្ទឹងទូកមាស នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
សំណង់ស្ទាក់ទឹកខាងលើ ត្រូវបានក្រុមការងារបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម សាងសង់រួចរាល់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២០នេះ។ បន្ទាប់ពីបានសាងសង់រួច ប្រព័ន្ធធារាសាស្ត្រនេះ បាននិងកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្គត់ផ្គង់ទឹកដល់ដីស្រែរបស់បងប្អូនប្រជាកសិករ លើផ្ទៃដីស្រូវវស្សាប្រមាណ១៥៦០ហិកតា និងស្រូវប្រាំង ៣៨០ហិកតា ក្នុងភូមិសាស្រ្តស្រុកបន្ទាយមាស ដែលជាតំបន់តែងជួបប្រទះនូវកង្វះខាតទឹក។
ក្នុងឱកាសនោះ រដ្ឋមន្រ្តី លឹម គានហោ ក៏បានកោតសរសើរ ដល់ក្រុមការងារសាងសង់ជាមន្រ្តីបច្ចេកទេសក្រសួង ដែលបានខិតខំធ្វើការ ទោះជួបឧបសគ្គ និងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះ មានគុណភាពរឹងមាំ យូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់៕