(ភ្នំពេញ)៖ ប្រធានក្រុមការងារចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានជំរុញដល់ពលរដ្ឋដែលធ្លាប់បានបោះឆ្នោតឲ្យទៅពិនិត្យឈ្មោះបោះឆ្នោត ដែលបិទផ្សាយដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយចំពោះអ្នកដែលទើបគ្រប់អាយុបោះឆ្នោត ឲ្យទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា សម្រាប់តៀមចូលរួមបោះឆ្នោតសំខាន់ៗនាពេលខាងមុខ ដែលរួមមានការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាដើម។

លោក ណុប ចាន់ណារិន រដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ក្នុងពិធីចែកជូន ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ (ក្រ១) និង (ក្រ២) ជូនពលរដ្ឋក្រីក្រចំនួន ៤០គ្រួសារក្នុងសង្កាត់មួយនេះ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានថ្លែងថា សម្រាប់ការបោះឆ្នោតមានសារសំខាន់ណាស់ នៅក្នុងប្រទេសប្រជាធិបតេយ្យ ដែលជារបបផ្តល់អំណាចជាធំទៅឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ដូច្នេះពលរដ្ឋត្រូវអនុវត្តនូវ សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសអ្នកតំណាង ឲ្យមកបំរើដល់ពលរដ្ឋ ហើយថា ដើម្បីអាចបោះឆ្នោតបាន អ្នកបោះឆ្នោតត្រូវមានឈ្មោះនៅក្នុងបញ្ជីអ្នកបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាការចាំបាច់។

ហេតុដូចនេះហើយ ចំពោះបងប្អូនដែលធា្លប់បានបោះឆ្នោតកន្លងទៅៗ សូមទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបានបិទផ្សាយ ដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតនៅតាមមូលដ្ឋានរបស់ខ្លួន ហើយចំពោះអ្នកទើគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីអាច ចូលរួមសម្រេចជោគវាសនារបស់ជាតិ តាមរយៈសន្លឹកឆ្នោតដ៏មានតម្លៃមួយសន្លឹករបស់បងប្អូន។

ចំពោះការចែកប័ណ្ណក្រីក្រជូនពលរដ្ឋ លោក ណុប ចាន់ណារិន បានថ្លែងថា ក្នុងន័យ ជួយសម្រាលការខ្វះខាតរបស់ពលរដ្ឋក្រីក្រ នៅក្នុងអំឡុងពេលនៃវិបត្តិ ជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល បានបញ្ចេញកញ្ចប់ថវិកាមួយ ដើម្បីចែកជូនដល់អ្នកខ្វះខាតពិតប្រាកដជាប្រចាំខែ ដោយចំនួនថវិកាដែល ទទួលបានគឺទៅតាម កម្រិតនៃភាពក្រីក្រ ហើយទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ១៩នេះដែរ លោកប្រធាន ក្រុមការងារចុះជួយសង្កាត់កោះដាច់ បានអំពាវនាវដល់ពលរដ្ឋ ឲ្យបន្តការប្រុងប្រយ័ត្នចំពោះជំងឺនេះ ដោយត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕