(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញប្រកាសក្រុមការងារយុវជនខណ្ឌចំការមន នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ លោក អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន បានណែនាំដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន ដែលទើបទទួលភារកិច្ចថ្មីនេះ ត្រូវអនុវត្តឲ្យបានល្អត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួន ដោយយកចិត្តទុកដាក់ខ្ពស់បម្រើពលរដ្ឋឲ្យបានសកម្ម អនុវត្តការងារគណបក្សឲ្យបានខ្ជាប់ខ្ជួន និងពង្រឹងពង្រីកប្រជាប្រិយភាពរបស់គណបក្សនៅមូលដ្ឋាន ព្រមទាំងខិតខំថែរក្សា និងចូលរួមពង្រីកសមិទ្ធផលនានារបស់គណបក្ស ដែលបានកសាងនៅមូលដ្ឋាន ប្រើប្រាស់ជាផលប្រយោជន៍រួម។

លោកបានបញ្ជាក់ថា ក្រុមការងារយុវជននេះនឹងក្លាយជាកម្លាំងដ៏មុតស្រួចក្នុងការងាររបស់គណបក្ស ដែលមានតួនាទីប្រមូលផ្តុំយុវជនទាំងឡាយទាំងក្នុង និងក្រៅបក្ស ដែលមាននិន្នាការសមស្របនឹងគណបក្សលើមូលដ្ឋានទស្សននយោបាយសង្គម និងមនោគមវិជ្ជាជីវៈ ដើម្បីកសាងយុវជនជាពលរដ្ឋ ដែលមានសមត្ថភាពសកម្ម និងមានការទទួលខុសត្រូវក្នុងសង្គម។

លោក អ៉ិត សំហេង លើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសង្គម និងសេដ្ឋកិច្ចជាតិមានការរីកចម្រើនលូតលាស់ជាលំដាប់ក្នុងរយៈពេលជាងមួយទសវត្សន៍ចុងក្រោយនេះ ហើយប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

ក្នុងនីតិកាលទី៦នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងនោះការពង្រឹងអភិបាលកិច្ចល្អ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាផ្នែកមួយសម្រាប់ ឲ្យយើងទាំងអស់គ្នាអនុវត្តប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងប្រកបដោយជំនឿទុកចិត្តលើកកម្ពស់ការយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋកាន់តែប្រសើឡើង។

ជាមួយគ្នានេះ កម្ពុជាកំពុងធ្វើដំណើរយ៉ាងរឹងមាំលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍសង្គម ក្រោមម្លប់សុខសន្តិភាព ដោយខិតខំប្រឹងប្រែងពុះពារ ឆ្មុះឆ្មុលជម្នះគ្រប់ឧបសគ្គប្រកបដោយការទទួលខុសត្រូវខ្ពស់ និងក្ដីសង្ឃឹមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គទេសដ៏ឈ្លាសវៃ និងប៉ិនប្រសប់ បច្ចុប្បន្នមន្ត្រីគណបក្សគ្រប់ថ្នាក់កំពុងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ដឹកនាំរបស់គណបក្ស គឺសមូលភាពដឹកនាំម្នាក់ៗទទួលខុសត្រូវ និងអភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ និងបាវចនា២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ។

តាងនាមឲ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន លោក ថេង សុថុល បានសម្ដែងនូវមនោសញ្ចេតនារំភើបរីករាយឥតឧបមា និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំ និងគណៈកម្មាធិការគណបក្សខណ្ឌចំការមន ដែលបានផ្ដល់ទំនុកទុកចិត្តតែងតាំងយើងខ្ញុំជាប្រធាន ជាសមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន នាពេលនេះ និងប្តេជ្ញាប្រឹងប្រែងបំពេញតួនាទីភារកិច្ចតាមគោលនយោបាយរបស់គណបក្សដែលបានប្រគល់ជូន ដើម្បីបម្រើផលប្រយោជន៍ដល់ពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត៕