(បន្ទាយមានជ័យ)៖ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលសិទ្ធិការពារក្តីរហូតដល់ជោគជ័យ លើសំណុំរឿងព្រហ្មទណ្ឌ ២នាក់ប្តីប្រពន្ធ ដែលត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនពីបទលួចមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១៧។

សមាជិកក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ប្រចាំខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺមេធាវីស៊ុន សារី, មេធាវី ញ៉ឹ រិទ្ធី និងមេធាវី សុង ម៉ៅ បានទទួលសិទ្ធិការពារជូនឈ្មោះ ឆន ឈាក និងឈ្មោះ សុខ ស្រីនាង នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៧៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ របស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ដែលពីរនាក់ប្តីប្រពន្ធនេះត្រូវបានឃុំខ្លួនដោយសាលាដំបូងខេត្តបន្ទាយមានជ័យ។

២នាក់ប្តីប្រពន្ធត្រូវបានសាលាដំបូងខេត្តនេះ សម្រេចឃុំខ្លួនពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា៣៥៣ និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ។

លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងការការពារក្តីនៅសាលាឧទ្ធរណ៍បាត់ដំបង ជាលទ្ធផលក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចបដិសេធការសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ និងបានសម្រេចឲ្យដោះលែង ទាំង២ប្តីប្រពន្ធ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

២នាក់ប្តីប្រពន្ធ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលបានបង្កើតឲ្យមានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន សម្រាប់ជួយដល់ស្ត្រីទន់ខ្សោយគ្មានលទ្ធភាពតតាំងក្តីតាមផ្លូវច្បាប់ និងបានអរគុណ ដល់ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បាត់ដំបង និងលោក គី តិច ដែលបានចាត់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ទៅជួយការពារ រហូតទទួលបាននូវយុត្តិធម៌ សម្រាប់អ្នកទាំងពីរ។

សូមបញ្ជាក់ថា ប្តីប្រពន្ធពីរនាក់ត្រូវបានសាលាឧទ្ទរណ៍បាត់ដំបង សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោយជាប់ពន្ធនាគាររយៈពេលជាង ៤ខែ ក្រោមបទលួចលុយ ២,០០០ដុល្លារអាមេរិក ដែលពួកគេទាំង២នាក់ចាត់ទុកថា ជារឿងមិនយុត្តិធម៌សម្រាប់ខ្លួន។ នៅចំពោះមុខអ្នកសារព័ត៌មាន ២នាក់ប្តីប្រពន្ធ បានថ្លែងថា ពួកខ្លួនត្រូវបានសមត្តកិច្ចឃាត់ និងត្រូវតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ដោយអំណាចសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោមការចោទប្រកាន់ពីបទលួចលុយចំនួន ២,០០០ដុល្លារអាមេរិក។

ក្រោយពេលដែលឃុំខ្លួន និងរហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ គឺមានរយៈពេលជាង ៤ខែ ដែលពួកគេចាត់ទុកថាជាជនរងគ្រោះ ហើយក៏សម្រេចប្តឹងទៅឧទ្ទរណ៍បាត់ដំបង រហូតតុលាការថ្នាក់ទី២មួយនេះ លើកលែងការចោទប្រកាន់ និងដោះលែងឲ្យមានសេរីភាពនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០តែម្តង៕