(ក្រចេះ)៖ កម្លាំងនគរបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានឡោមព័ទ្ធចាប់ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលជិះរថយន្តម៉ាក់ ហាយឡែនឌ័រ លួចកាត់ជញ្ជាំងផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិក្នុងផ្ទះចំនួន២ផ្ទះ ស្ថិតក្នុងភូមិរហា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីវេលាទៀបភ្លីឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។

លោកវរសេនីយ៍ឯក ច័ន្ទ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានឱ្យដឹង នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះថា ជនរងគ្រោះឈ្មោះ ស៊ាង បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរហា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានចោរលួចគាស់យកសម្ភារមួយចំនួនរួមមាន៖ ទូរស័ព្ទចំនួន២គ្រឿង, ប្រាក់ដុល្លារចំនួនជាងមួយពាន់ដុល្លារ, ប្រាក់រៀលជាង២០លានរៀល, ភេសជ្ជៈខារ៉ាបាវចំនួន០២កេស។

លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានតំណឹងថា មានករណីប្រព្រឹត្តបទល្មើសភ្លាមៗនោះ កម្លាំងនគរបាលស្នាក់ការកំពែង ចេញស្ទាក តែមិនជាប់ដេញតាមពីក្រោយ ហើយក៏បានទាក់ទងមកកម្លាំងអធិការដ្ឋាននៅខាងក្រៅ ទើបស្ទាក់ចាប់បាននៅភូមិព្រែកប្រាំង ឃុំព្រែប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ជនសង្ស័យទី១៖ ឈ្មោះ ហៀប ឆៃហាប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់ភូមិក្រញ៉ូង ឃុំវាលម្លូរ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំខេត្តត្បូូង និងទី២៖ ឈ្មោះ សេង ថាវី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិស្រែតាងួន ឃុំចសន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្ន នៅឃុំ កាប៉ៅ ស្រុកកំចាយមា ខេត្តព្រៃវែង។

លោកបញ្ជាក់ទៀតថា ជនសង្ស័យធ្វើសកម្មភាពមានគ្នា៣នាក់ រត់គេចខ្លួន១នាក់ មានឈ្មោះ ហ៊ា មិនស្គាលត្រូល ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅមិច្បាស់លាស់។

ក្រោពីសាក់សួរជនសង្ស័យដែលឃាត់ខ្លួនបានទាំងព២នាក់នោះ បានសារភាពថានៅយប់ថ្ងៃកើតហេតុខាងលើ ខ្លួនទាំង២នាក់ ពិតជាបានធ្វើសកម្មភាពចូលលួចពិតប្រាកដមែន និងបានចូលលួចក្នុងផ្ទះលក់អីវ៉ានម្នាក់ទៀតឈ្មោះ ប៊ុត ពៅ ភេទប្រុស អាយុ៤១ឆ្នាំ មានស្រុកកំណើត នៅព្រែករំដេង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្នមកធ្វើចំការ និងលក់អីវ៉ាន់ នៅចំណុចកើតហេតុខាងលើ។

សម្ភារបាត់បង់រួមមាន៖ លុយខ្មែរជាង ៨លានរៀល, លុយដុល្លារ២០ដុល្លារ, ខ្សែកផ្លាកទីន ១ខ្សែទម្ងន់ ២ជីកន្លះ, ទូរស័ព្ទ១គ្រឿង និងកាត់ទូរស័ព្ទមួយចំនួន។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងរថយន្ដ១គ្រឿង ម៉ាកហាយឡែនឌ័រ ព៌ណសរ ពាក់ស្លាកលេខ ភ្នំពេញ 2AB-0357 ត្រូវបានឃាត់ទុក និងសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះ ដើម្បីបំពេញនីតិវិធី៕