(ព្រៃវែង)៖ ស្នងការនគរបាល ខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានបញ្ជាក់ថានៅទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងជំនាញ ព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងជំនាញស្រុកពាមជរ៍ របស់លោកបានតាមចាប់បក្ខពួកចោរប្លន់ម្នាក់ ក្រោយពីជននេះបាន ធ្វើសកម្មភាពអស់រយៈពេល១២ឆ្នាំមកហើយ។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា មុខសញ្ញាប្លន់រូបនេះត្រូវបានកម្លាំងរបស់ លោកចាប់ខ្លួន ដោយអនុវត្តតាមដីការបស់តុលាការ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០០៥ ហើយជននេះ និងបក្ខពួកបានប្លន់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៤។
បើតាមលោកស្នងការជននេះមានឈ្មោះ ឆន វាត អាយុ៣៦ឆ្នាំ រស់នៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ហើយបានមកលាក់ខ្លួន នៅភូមិដីស្រុត ឃុំកោះរកាស្រុកពាមជរ៍។ លោក ស្រេង ជា បានបន្តទៀតថា សម្រាប់ជននេះកម្លាំងរបស់លោកបានរួមសហការគ្នា តាមស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតតាមចាប់តែម្តង ហើយនៅពេលនេះ ស្ថិតក្រោមការសាកសួរដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕