Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សយុវជនកម្ពុជា តែងតាំងអ្នក​នាំពាក្យម្នាក់ ជាអតីត​សកម្មជន​របស់​គណបក្ស​សង្រ្គោះជាតិ

01-02-2016 14:34

(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា ជាគណបក្សថ្មីមួយដែលថ្នាក់ដឹកនាំភាគច្រើនជាយុវជន បានសម្រេចតែងតាំងអ្នកនាំពាក្យម្នាក់ ដែលជាអតីតសកម្មជនរបស់គណបក្សសង្រ្គោះជាតិ នៅរាជធានីភ្នំពេញ។

លោក អ៊ុង សាម៉េត អនុប្រធានទី២ នៃគណបក្សយុវជនកម្ពុជា ត្រូវបានតែងតាំងជាអ្នកនាំពាក្យនៅក្នុងបក្សយុវជនកម្ពុជា នៅកិច្ចប្រជុំគណៈកម្មាធិការ អចិន្រៃ្តយ៍បក្សនៅព្រឹកមិញ ដោយសារតែលោក មានចំណេះដឹង​ច្រើនជុំវិញរឿងនយោបាយ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រាប់ Fresh News ឱ្យដឹងថា លោក អ៊ុង សាម៉េត គឺជាប្រធានរដ្ឋបាល នៅក្នុងរោងចក្រមួយ នៅរាជធានីភ្នំពេញ និងធ្លាប់ជាសកម្មជន​ដ៏​សកម្មរបស់​គណបក្សសង្រ្គោះជាតិ។

លោកថា កាលពីអតីតកាល លោក សាម៉េត មានប៉ិនប្រសព្វក្នុងការអូសទាញ​កម្មកររោងចក្រឱ្យ​បោះឆ្នោត​ឱ្យគណបក្ស​សង្រ្គោះជាតិ ប៉ុន្តែពេលនេះ​គាត់បានផ្តាច់​ខ្លួនហើយធ្វើ​នយោបាយជាមួយ​គណបក្សយុវជនកម្ពុជាម្តង ដូច្នេះលោក អ៊ុង សាម៉េត ពិតជាស័ក្តិសមនឹង កាន់តួនាទីអ្នកនាំពាក្យនេះ។

គណបក្សយុវជនចាប់ផ្តើមចេញជារូបរាង កាលពីចុងឆ្នាំ២០១៥ ស្របនឹងគណបក្សថ្មីមួយចំនួនបង្កើតឡើងដែរ។ ថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សនេះ រួមមាន លោក ពេជ្រ ស្រស់ ជាប្រធាន, លោក អ៊ុន វិសិទ្ធគុណ (អតីតសកម្មជនCNRP) ជាអនុប្រធានទី១, លោក អ៊ុង សាម៉េត អនុប្រធានទី២ និង លោក នួន ថា អតីសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ជាអគ្គលេខាធិការ។

គណបក្សនេះបានចុះបញ្ជីជាផ្លូវការ ហើយទទួលបានសុពលភាពស្របច្បាប់ ពីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ តែម្តង៕