(ភ្នំពេញ)៖ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ឲ្យដឹងថា ផលិតផលរបស់សហរដ្ឋអាមេរិក ដែលបាននាំចូលមកកាន់ប្រទេសកម្ពុជា សុទ្ធសឹងតែជាផលិតផល ដែលមានគុណភាព និងសុវត្ថិភាពខ្ពស់។

ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែល លោក W.Patrick Murphy អញ្ជើញចូលរួម ក្នុងពិព័រណ៍ផលិតផលស្រស់មកពីអាមេរិក (Fresh From the USA) នៅផ្សារទំនើប AEON Phnom Penh នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

បន្ថែមពីនោះទៀតលោក W.Patrick Murphy បានលើកឡើងថា យើងដឹងហើយថា ផលិតផលមកពីសហរដ្ឋអាមេរិក ជាផលិតផលដែលមានគុណភាពល្អ និងមានគុណភាពខ្ពស់ ដែលជាអ្វីប្រជាពលរដ្ឋកម្ពុជាត្រូវការ។

លោក W.Patrick Murphy បានគូសបញ្ជាក់ទៀតថា ប្រជាពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ននេះ មានឱកាសទិញនូវផលិតផល របស់សហរដ្ឋអាមេរិក ហើយទំនិញរបស់ប្រទេសកម្ពុជា ក៏បាននាំចេញទៅកាន់សហរដ្ឋអាមេរិក មានចំនួនច្រើនផងដែរ។

ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានឲ្យដឹងផងដែរថា ពិព័រណ៍នេះ អាចជាឱកាសក្នុងការនាំយកផលិតផល របស់សហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា និងជាពេលវេលាមួយ ដើម្បីឲ្យមានភាពស្មើគ្នា ក្នុងការនាំចេញនាំចូលទំនិញ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។

លោក W.Patrick Murphy បានឲ្យដឹងទៀតថា ផលិតផលរបស់សហរដ្ឋអាមេរិក គឺជាជម្រើសរបស់ប្រជាពលរដ្ឋកម្ពុជា ដែលយើងដឹងហើយថា សាច់គោ, បង្កង និងទំនិញជាច្រើនទៀត របស់អាមេរិក គឺជារបស់ដែលឆ្ងាញ់ សម្រាប់ប្រជាពលរដ្ឋបរិភោគ។

លោក ស៊ិន ពិសី នាយកផ្នែកប្រតិបត្ដិ និងទីផ្សារ នៃក្រុមហ៊ុនអ៊ីអនកម្ពុជា បានឲ្យដឹងថា ពិព័រណ៍នេះ ពិតជាមានសារសំខាន់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយអ្វីដែលកាន់តែពិសេសនោះ ការតាំងពិព័រណ៍នេះ គឺចំគំរប់ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូត នៃប្រទេសកម្ពុជា-អាមេរិក (១៩៥០-២០២០)។

ដើម្បីជំរុញឲ្យការលក់ផលិតផលអាមេរិក បានទទួលជោគជ័យបន្ថែមទៀត លោក ស៊ិន ពិសី ក៏បានសំណូមពរដល់ភាគីដែលពាក់ព័ន្ធ ចូលរួមនូវសកម្មភាពសំខាន់ៗ មួយចំនួនដូចជា៖

១៖ ព្យាយាមរកទំនិញដែលចាំបាច់ និងមានតម្រូវការបន្ថែមទៀត
២៖ ចូលរួមជាមួយផ្សារអ៊ីអន ឲ្យបានច្រើននូវរាល់សកម្មភាពទីផ្សារ (marketing) ដើម្បីពង្រីកទីផ្សារថ្មីៗ
៣៖ បង្កើនសកម្មភាពតាំងពិព័រណ៍ ដើម្បីបានជួបអតិថិជនសក្កដានុពល
៤៖ រក្សាឲ្យបាននូវតម្លៃប្រកួតប្រជែង។

គូសបញ្ជាក់ថា ការនាំចេញនៃផលិតផលកសិកម្មសហរដ្ឋអាមេរិក និងផលិតផល ដែលមានការទាក់ទង មកកាន់កម្ពុជាមានការកើនឡើងជិត៥០០ភាគរយ ក្នុងចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩។

សហរដ្ឋអាមេរិក បាននាំទំនិញកសិកម្ម មកកម្ពុជាក្នុងតម្លៃ៧០លានដុល្លារ នៅឆ្នាំ២០១៩ ដោយមានការកើនឡើងចំនួន១១ភាគរយ លើសពីឆ្នាំ២០២០។ ជិត១៥ភាគរយ នៃបរិមាណនាំចេញសរុប របស់សហរដ្ឋអាមេរិកមកកម្ពុជា៕