(សៀមរាប)៖ បុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលរត់គេចចេញពីកន្លែងស្នាក់នៅ ក្រោមការសង្ស័យខ្ពស់កើតកូវីដ១៩ នៅក្រុងសៀមរាប ត្រូវបានសមត្ថកិច្ច និងក្រុមការងាររបស់សុខាភិបាល រកឃើញហើយ នៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ។

មន្រ្តីនគរបាលខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «នៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃនេះ ជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលសង្ស័យមានផ្ទុកវីរុសកូវីដ១៩ ត្រូវបានរកឃើញហើយ ដោយគាត់បានស្នាក់នៅផ្ទះជួលស្ថិតជាប់បុរីអាកខេត ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប»។

បើតាមសមត្ថកិច្ច ក្រោយរកឃើញ ក្រុមការងារបាននាំខ្លួនគាត់ទៅទុកនៅដាច់ដោយឡែក (ធ្វើចាត្តាឡីស័ក) នៅមន្ទីរបង្អែកខេត្តសៀមរាប ដើម្បីរង់ចាំលទ្ធផលតេស្តរកកូវីដ១៩ ដែលចេញនៅល្ងាចនេះ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មានដោយបញ្ជាក់ពីករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី លើបុរសជនជាតិហុងគ្រីម្នាក់ នៅខេត្តសៀមរាប ដែលកំពុងរត់គេចខ្លួនបាត់ពីកន្លែងស្នាក់នៅ។

បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានបញ្ជាក់ថា ជាបុរសដែលសង្ស័យឆ្លងជំងឺកូវីដ១៩នេះ ជាជនជាតិហុងគ្រី អាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

បុរសរូបនេះ ជាអ្នកធ្វើដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយ លទ្ធផលតេស្តរបស់គាត់នៅពេលនោះ គឺអវិជ្ជមានវីរុសកូវីដ-១៩។ បន្ទាប់មកគាត់ត្រូវបានបន្តធ្វើចត្តាឡីស័កនៅ កន្លែងស្នាក់នៅរបស់តាមអាសយដ្ឋានខាងលើនេះ នៅខេត្តសៀមរាប រហូតដល់ថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក របស់គាត់ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ការធ្វើតេស្តឡើងវិញក៏បានបង្ហាញលទ្ធផលសង្ស័យថា វិជ្ជមានវីរុសកូវីដ-១៩ ហើយវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូន (មកដល់នៅវេលាយប់ម៉ោងប្រហែលជា១១៖០០យប់ នៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០) ធ្វើការវិភាគបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយការវិភាគរបស់វិទ្យាស្ថាននេះ នឹងធ្វើនៅវេលាព្រឹកនៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ រីឯលទ្ធផលរំពឹងថានឹងអាចទទួលបាននៅល្ងាចនៃថ្ងៃដដែល។

ទន្ទឹមនឹងពេលនៃការបញ្ជូនវត្ថុសំណាក និងរង់ចាំការវិភាគបញ្ជាក់លើភាពវិជ្ជមានវីរុសកូវីដ-១៩ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ស្រាប់តែក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសរូបនេះបានឡើយ ដោយបុរសខាងលើនេះ បានរត់គេចចេញពីកន្លែងស្នាក់នៅខាង លើរបស់គាត់បាត់តែម្ដង។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចខេត្តសៀមរាប កំពុងព្យាយាមរុករកបុរសជនជាតិ ហុងគ្រីរូបនេះ តែមិនទាន់រកឃើញនៅឡើយទេ។

ប្រសិនបើនៅល្ងាចនៃថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ពិតជាឃើញ វិជ្ជមានវីរុសកូវីដ-១៩ មែននោះ ស្ថានភាពគេចវេសរបស់គាត់បែបនេះ (តាំងពីម៉ោងប្រហែលជា៩យប់នៃថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ រហូតមកទល់ពេលនេះ) នឹងអាចមានហានិភ័យឆ្លងដល់សហគមន៍ បើគាត់ធ្វើដំណើរច្រើន និងជួបមនុស្សច្រើន។ ក្រុមឆ្លើយតបបន្ទាន់ និងធ្វើការស្រាវជ្រាវភ្លាមៗ នៅពេលរកឃើញបុរសនេះ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៥នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០១នាក់៕