(ភ្នំពេញ)៖ រោងចក្រផលិតស្បែកជើងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើល នៅម៉ោង១៖៣០នាទីរំលង អាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភ្នាក់ងារ Fresh News ដែលចុះទៅផ្សាយផ្ទាល់ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានអណ្តាតភ្លើង ឆេះចេញពីខាងក្នុងរោងចក្រយ៉ាងសន្ធោរសន្ធៅ ភ្លាមនោះក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ទើបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើន គ្រឿងមកអន្តរាគមន៍។

សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើជាអគាររោងចក្រផលិតស្បែកជើង សាងសង់ពីថ្មប្រក់សង័្កសី រងការខូចខាតទាំងស្រុងតែម្តង តែពុំបានឆេះរាលដាល ដល់រោងចក្រផ្សេងទៀតឡើយ។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលើនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤៣គ្រឿង ដោយមកពីការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រថយន្តជំនួយក្រសួងមហាផៃ្ទ, រថយន្តកងពលតូចលេខ៧០, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា, រថយន្តកងរាជអវុធហត្ថរាជធានីភ្នំពេញ, រថយន្តទីក្រុងជ្រោយចង្វារ, រថយន្តទីក្រុងកោះពេជ្រ, រថយន្តបុរីក្តីសង្ឃឹមថ្មី៕