(កំពង់ស្ពឺ)៖ នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូន កងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានទៅជួបសំណេះសំណាលជាមួយនាយទាហាន-ពលទាហាននៃកងកម្លាំងមួកខៀវកម្ពុជាដែលទើបត្រលប់មកពីបេសកកម្មនៅប្រទេសម៉ាលី ហើយដែលកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ការសំណេះសំណាលនេះ អមដំណើរដោយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងគណៈប្រតិភូជាច្រើនរូប។

នៅក្នុងមតិសំណេះសំណាល លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានកោតសរសើរកងកម្លាំងមួកខៀវកម្ពុជា ដែលក្លាហាន អង់អាច ម៉ឺងម៉ាត់ និងមានវិជ្ជាជីវៈច្បាស់លាស់ បំពេញបេសកកម្មបានទទួលជោគជ័យ និងទទួលបានការកោតសរសើរថាមានវិន័យ និងសីលធម៌ខ្ពស់ ដែលទាំងអស់នេះ បានជួយលើកកម្ពស់កិត្យានុភាព របស់កម្ពុជាបន្ថែមទៀត។ លោកឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើការសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះកងកម្លាំងទាំងអស់ផងដែរ។

លោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំវិទ្យាស្ថាន មន្រ្តីសុខាភិបាល និងមន្រ្តីជំនាញរបស់ក្រសួង- ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលយកចិត្តទុកដាក់ធានាសុវត្ថិភាព និងផ្តល់ការទំនុកបម្រុងគ្រប់គ្រាន់ក្នុងអំឡុងពេលអនុវត្តន៍វិធានចត្តាឡីស័កនេះ។ លោកក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ឲ្យថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសបន្តអនុវត្តគោលកាណ៍ រក្សា អនាម័យ និងការធ្វើចត្តាឡីស័ក របស់ក្រសួងសុខាភិបាល និងជឿជាក់លើវិធានការណ៍មុតមាំ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ក៏បាននាំយកគ្រឿងបរិភោគផ្តល់ជូនដល់កងកម្លាំងទាំងអស់ផងដែរ។

បន្ទាប់មក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្តដំណើរលើកំណាត់ផ្លូវជាតិលេខ៥១ ដើម្បីទៅពិនិត្យការរៀបចំរូបចម្លាក់ ចំនួន៦ នៃសមិទ្ធផលវិស័យរក្សាសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំ និងអនុវត្តផ្ទាល់ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី។ គួររំលឹកផងដែរថា រូបចម្លាក់ទាំង៦នេះ មានរចនាបថ និងអត្ថន័យខ្លឹមសារពាក់ព័ន្ធនឹងវិស័យរក្សាសន្តិភាព និងសកម្មភាពកម្ចាត់មីននៅកម្ពុជា៕