(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ លោក គាត ឈន់ បានក្រើនរំលឹកទៅដល់មន្រ្តីក្រសួងឧស្សាហកម្ម និង សិប្បកម្មថា ការខិតខំពង្រឹង និងពង្រីកភាពប្រកួតប្រជែង និងផលិតភាព ជាកត្តាសំខាន់សម្រាប់រក្សាបាន និងពង្រីកទីផ្សារនាំចេញរបស់កម្ពុជា ដែលជាកត្តាយុទ្ធសាស្រ្តសម្រាប់កំណត់ស្ថិរភាពសង្គម។
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឧស្សាហកម្ម និងសិប្បកម្មឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ បានថ្លែងថា ប្រសិនបើឧស្សាហកម្មកម្ពុជា ពុំមានសមត្ថភាពប្រកួតប្រជែងទេនោះ រោងចក្រភាគច្រើននៅកម្ពុជា នឹងត្រូវបិទទ្វារ ដែលនាំទៅដល់ការបាត់បង់ការងារធ្វើរបស់ប្រជាពលរដ្ឋរាប់ម៉ឺន រាប់សែននាក់ ហើយទៅប៉ះពាល់ជាអវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កអស្ថេរភាពសង្គម។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «ដូចដែលខ្ញុំ ធ្លាប់បានផ្តល់នូវអនុសាសន៍រួចមកហើយថា ការខិតខំលើកកម្ពស់ផលិតភាព គុណភាព និងភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្មកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម ជាកត្តាស្លាប់រស់របស់សេដ្ឋកិច្ចយើងក្នុងរបត់ នៃសមាហរណកម្មសេដ្ឋកិច្ចក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានឈានមកដល់ហើយនោះ»។
បើតាមលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ការខិតខំបើកច្រកទីផ្សារបន្ថែមទៀតសម្រាប់នាំចេញផលិតផលកសិ-ឧស្សាហកម្ម និងឧស្សាហកម្មកម្ពុជា គឺជាការប្រឈម ដ៏ស្រួចស្រាវមួយថ្មីទៀត ប្រសិនបើពុំយកចិត្តទុកដាក់លើផលិតភាព និងស្តង់ដាផលិត ផល ក៏ដូចជាការប្រកួតប្រជែងផ្នែកឧស្សាហកម្ម ឲ្យឆ្លើយតបបានតាមស្តង់ដាទីផ្សារគោលដៅទេនោះ។
លោក គាត ឈន់ បានថ្លែងបញ្ជាក់ផងដែរថា កម្ពុជា កំពុងមានទីផ្សារនាំចេញជាច្រើន ជាហេតុជំរុញឲ្យមានរោងចក្រប្រមាណ ៦០០កំពុងដំណើរការនៅកម្ពុជា ហើយជួយផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦០ម៉ឺននាក់៕