(បាត់ដំបង)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបរិច្ចាគថវិកា ចំនួន៤០មឺុនរៀល ជូនគ្រួសារជនរងគ្រោះដែលស្លាប់និងរងបួសធ្ងន់ ដោយសារធ្លាក់ចូលឡដុតធ្យូង នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដើម្បីចូលរួមកាត់បន្ថយការលំបាកមួយចំនួន សម្រាប់ធ្វើបុណ្យសព និងព្យាបាលរបួស ។

ករណី គួរឲ្យអាសូរសម្រាប់ប្រជាពលរដ្ឋមួយគ្រួសារ ដែលប្រកបរបរដុតធ្យូង បានជួបគ្រោះអកុសល នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ ដោយបុរសជាប្តី ដោយធ្លាក់ចូលក្នុងឡធ្យូង ដែលមានអណ្តាតភ្លើងយ៉ាងក្រហមឆ្អិនឆ្អៅ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម ខណៈប្រពន្ធ និងកូនរបួសធ្ងន់ នៅពេលខំជួយទាញជនរងគ្រោះមកវិញ។ ហេតុដ៏រន្ធត់មួយនេះ បានកើតឡើងនៅចំណុចអូរខ្វាត ស្ថិតក្នុងភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្ដីបាត់បង់ជីវិត ក្នុងឡធ្យូងនោះមាន ឈ្មោះ យូន ស៊ត អាយុ៤៨ឆ្នាំ រីឯស្ត្រីជាប្រពន្ធឈ្មោះ ឆែម ដេត អាយុ៤៥ឆ្នាំ និងកូនប្រុសឈ្មោះ យួន ចិត្រា អាយុ១៥ឆ្នាំ ទាំង៣នាក់ មានមុខរបជាអ្នកដុតធ្យូងលក់ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

អ្នកភូមិនៅទីនោះបាននិយាយថា មុនកើតហេតុ គ្រួសាររងគ្រោះ បាននាំគ្នាទៅបើកឡ យកធ្យូងដើម្បីយកទៅលក់ ពេលនោះ បុរសជាប្តីបានទំលាយ គំរបក្នុងឡ ទាំងភ្លើងឆេះយ៉ាងសន្ធោសន្ធៅ​នៅឡើយ ស្រាប់តែ ត្រូវចំហេះភ្លើង ស្រូបធ្លាក់ចូលក្នុងឡ។

ភ្លាមៗនោះប្រពន្ធ និងកូនបាននាំគ្នា ចាប់ទាញដៃជនរងគ្រោះ ឲ្យឡើងមកលើវិញ តែដោយសារអំណាចចំហាយភ្លើងឈួលមកក្រៅខ្លាំងពេក ធ្វើឲ្យពួកគេ២នាក់ ម្តាយកូន ឆេះរលាកពេញខ្លួន ក៏របូតដៃបុរសជាប្តី ទៅក្នុងឡកំពុងតែឆេះសន្ធោសន្ធៅនោះ បណ្តាលឲ្យ ឆេះស្លាប់ទាំងរស់ ក្នុងឡដុតធ្យូងនោះទៅ។

ក្រោយកើតហេតុទាំងម្ដាយ និងកូនត្រូវបានបញ្ជូនតាមទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ចំណែកសព ត្រូវបានអ្នកភូមិជួយជះទឹកនាំយកចេញពីក្នុងឡធ្យូង។ បច្ចុប្បន្នសពត្រូវបានសាច់​ញាតិនិងអ្នក​ភូមិរៀបចំធ្វើបុណ្យតាម​ប្រពៃណី៕