(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងជំនាញពន្លត់អគ្គិភ័យ នៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យមើលទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ និងលក់ហ្គាសចំនួន៤ទីតាំង ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយមានការចង្អុលបង្ហាញផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។

ក្រោយពីទទួលបានបទបញ្ជានេះរួចមក លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានណែនាំឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះធ្វើការដឹកនាំមន្រ្តីជំនាញ ដោយនៅក្នុងប្រតិបត្តិការនេះរួមមាន៖ លោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យ, លោកវរសេនីយ៍ទោ ឯម គឹមហ៊ុល នាយរងការិយាល័យ ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ធន: និងលក់ហ្គាសចំនួន ៤ទីតាំង។

*ទីតាំងស្ថានីយ៍ប្រេងឥន្ធន:ទី១ យីហោ សូគីមិច ដែលមានម្ចាស់ឈ្មោះ ឌី ច័ន្ទជា ភេទស្រី អាយុ ៤៧ឆ្នាំ ដែលស្ថិតនៅចំណុចដីឡូតិ៍លេខ៥ ផ្លូវ២១៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
*ទីតាំងលក់ហ្គាសទី២ យីហោ ហ្គាស ទាន់សម័យ ដោយមានម្ចាស់ឈ្មោះ ឆ ចេង ភេទស្រី ដែលស្ថិតនៅចំណុចផ្ទះលេខA2Eo ផ្លូវលេខ១៤២ ភូមិ៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
*ទីតាំងស្ថានីយ៍ប្រេងឥន្ធន:ទី៣ យីហោ មុជ លក្ខិណា (តូតាល់) ដោយមានម្ចាស់ឈ្មោះ តាំង មុយសេង ភេទប្រុស អាយុ ២៨ឆ្នាំ ដែលស្ថិតនៅចំណុចផ្លូវ២១៧ ភូមិ៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
*ទីតាំងស្ថានីយ៍ប្រេងឥន្ធន:ទី៣ យីហោ ភី.ធី.ធី ដោយមានម្ចាស់ឈ្មោះ ធូ ថារិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ដែលស្ថិតនៅចំណុចផ្លូវលេខ២១៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ដោយនៅក្នុងទីតាំងចំនួន ៤កន្លែង ដែលកម្លាំងជំនាញយើងធ្វើការចុះត្រួតពិនិត្យមើលនោះ ពិតជាមានច្បាប់អនុញ្ញាតប្រកបអាជីវកម្មពិតប្រាកដមែន។

ក្រោយពីធ្វើការត្រួតពិនិត្យមើលទីតាំងចំនួន ៤ខាងលើរួចមក កម្លាំងជំនាញរបស់យើងបានធ្វើការណែនាំ និងអប់រំដល់ម្ចាស់ទីតាំង ដែលប្រកបអាជីវកម្មលក់សាំងទាំងអស់ ដោយមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះមក កម្លាំងជំនាញពន្លត់អគ្គិភ័យយើងបានធ្វើការចុះត្រួតពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៥ទីតាំង សិតសឹងតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ, ទីតាំងលក់ហ្គាសចំនួន ៦ទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយឡែកទីតាំងលក់ហ្គាស ២ទីតាំងទៀតពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ៕