(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
កិច្ចប្រជុំនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ដោយមានការចូលរួមពីលោក តាន់ សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាសមាជិក ព្រមទាំង នាយកដ្ឋាននានាក្រោមចំណុះក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។
នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីពិភាក្សាបច្ចេកទេស បែកចែកភារកិច្ចដើម្បីឲ្យជំនាញចុះទៅផ្ទាល់សិក្សា ដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេជាមួយមូលដ្ឋានផ្ទាល់។
សូមបញ្ជាក់ថា ក្រុមការងារនេះ មានតួនាទីភារកិច្ច សិក្សាស្រាវជ្រាលអំពីប្រវត្តិ នៃការលិចនាវា ព្រមទាំងភស្តុតាងផ្សេងៗ ដើម្បីឈានទៅកំណត់ទីតាំងជាក់លាក់ នៃនាវាដែលលិច ប្រភេទនាវា និងប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលមាននៅក្នុងនាវាសម្រាប់ជាមូលដ្ឋានកំណត់គោលដៅបោះពោង ឬដាក់ផ្លាកសញ្ញាចំណាំជាតំបន់មានហានិភ័យ ដែលត្រូវហាមឃាត់ការចេញចូលតំបន់នោះ។
ត្រូវសម្របសម្រួលស្នើសុំកងកម្លាំងកងទ័ពជើងទឹក និងនគរបាលការពារព្រំដែនទឹក ដើម្បីសហការប្រចាំការការពារនៅតំបន់មានហានិភ័យខាងលើ សំដៅធ្វើការហាមឃាត់មិនឲ្យប្រជាពលរដ្ឋចេញ ចូល ឆ្លងកាត់ការធ្វើអាជីវកម្មបូមខ្សាច់ និងការធ្វើនាវាចរណ៍ចូលទៅក្នុងតំបន់នោះ។
ជាពិសេស ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីតំបន់មានហានិភ័យ ដែលត្រូវបានហាមឃាត់ខាងលើ ដើម្បីបង្ការការពារការកើតមានគ្រោះថ្នាក់ ជាយថាហេតុណាមួយដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ សិក្សាស្រាវជ្រាវ និងកំណត់លក្ខខណ្ឌបច្ចេកទេស ដើម្បីរៀបចំប្រតិបត្តិការស្រង់យក គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចេញពីក្នុងនាវាដែលបានលិច ព្រមទាំងបំពេញការងារផ្សេងៗទៀត តាមការចាំបាច់។
សូមរំលឹកថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានចូលរួមជាមួយក្រុមស៊ីមាក់ បានមុជទឹកពិនិត្យទីតាំងបូមខ្សាច់ ដែលបូមបានគ្រាប់ចំនួន០៣ ប្រភេទ មានដូចជាគ្រាប់ AK57 ចំនួន៣គីឡូ, គ្រាប់៦០មីលីម៉ែត្រចំនួន ១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ ដែលស្ថិតនៅចំណុចបូមខ្សាច់ ក្នុងទន្លេមេគង្គ ក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ដោយពេលនោះសមត្ថកិច្ច បានមុជទឹកជម្រៅ១៩ម៉ែត្រ ហើយបានប្រទះឃើញទ្រង់ទ្រាយជា ម៉ារីន មួយគ្រឿងផងដែរ៕