(កំពង់ស្ពឺ)៖ លោក ចឹក បូរិន ប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បានថ្លែងថា យុវជន និងយុវនារី ដែលមានជីវភាពក្រីក្រអាចចូលរៀនយកជំនាញ នៅមជ្ឈមណ្ឌលបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានដោយឥតគិតថ្លៃ ដោយនៅពេលនេះមន្ទីរកំពុងពង្រីកទីកន្លែងស្នាក់នៅទុកសម្រាប់ផ្តល់ជូនដល់សិស្សក្រីក្រ ដែលបានមកចូលរៀនយកជំនាញនៅមជ្ឈមណ្ឌល បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈខេត្តកំពង់ស្ពឺ។
លោក ចឹក បូរិន បានលើកឡើងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្នុងកិច្ចប្រជុំដើម្បីបង្កើនកិច្ចសហការជាមួយនិយោជកលើវស័យឯកជន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ព្រមជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
លោក ចឹក បូរិន បានបន្តថា សូមឱ្យលោកគ្រូ អ្នកគ្រូ និងបណ្តាក្រុមហ៊ុននានា មេត្តាជួយផ្សព្វផ្សាយដល់យុវជន យុវនារីទាំងអស់ ឲ្យនាំគ្នាមកចូលរៀនទទួលយកជំនាញ ដោយឥតគិតថ្លៃ ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈខេត្តកំពង់ស្ពឺ។ មជ្ឈមណ្ឌលនេះមានគោលបំណងបញ្ជ្រៀបអំពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមាននៅក្នុងមណ្ឌលទៅដល់ក្រុមហ៊ុន ជាដៃគូនិងបង្កើតកិច្ចការសហការឲ្យកាន់តែល្អប្រសើ និងយោគយល់គ្នាបំផុត។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាសាលាមួយដែលស្ថិតក្រោមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយបច្ចុប្បន្នសាលាមានបណ្តុះបណ្តាលជំនាញ បច្ចេកទេសដូចជា ផ្នែកជំនាញអគ្គិសនី និងអេឡិចត្រូនិច ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ជំនាញសំណង់ស៊ីវិល ជំនាញមេការនិចរថយន្ត និងជំនាញបច្ចេកទេសខ្លីៗជាច្រើនទៀត។
បច្ចុប្បន្នមជ្ឈមណ្ឌលនេះទទួលសិស្សចូលរៀនចប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ទាំងសិស្សស្រី និងសិស្សប្រុស ព្រមទាំងជនពិការ ជនជាតិដើមភាគតិច ព្រមទាំងសិស្សក្រីក្រ ត្រូវបានលើកទឹកចិត្តផងដែរ ជាពិសេមជ្ឈមណ្ឌលផ្តល់អាហារូបករណ៍១០០% មានកន្លែងស្នាក់នៅមានប្រាក់ឧបត្ថម្ភដល់សិស្សដែលចូលរៀនជំនាញបច្ចេកទេស កម្រិត ១.២.និង៣៕