(ភ្នំពេញ)៖ យុវជន៣នាក់ជិះម៉ូតូកាន់ដាវប្រើប្រាស់យ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងល្បាតនគរបាលប៉ុស្ដិ៍ទឹកថ្លា ប្រទះឃើញដេញតាមប្រម៉ាញ់ឃាត់ខ្លួនសាកសួរនៅវេលាម៉ោង០៩៖៤០នាទីយប់ ថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវ២០០៤ ទល់មុខសាលាណតប្រ៊ីតចំហៀងខាងកើត ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យុវជនត្រូវឃាត់ខ្លួនទី១. ឈ្មោះ តាល់ បញ្ញា អាយុ១៩ឆ្នាំ មុខរបរសិស្សផ្នែកអគ្គិសនី និងមានស្រុកកំណើតនៅភូមិតាចេក ឃុំបឹងធំ ស្រុកអង្គស្នួល ខេត្តកណ្ដាល ទី២. ឈ្មោះ ខាន់ វ៉ាន់ណា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ និងមានស្រុកកំណើត ភូមិបឹងធំ សង្កាត់ដង្កោ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងទី៣. ឈ្មោះ ខៀវ សុភ័ណ អាយុ២៤ឆ្នាំ កម្មកររោងចក្រ និងមានស្រុកកំណើត ភូមិ សង្កាត់ កើតហេតុខាងលើ ។
លោក សុខ សុផល នាយប៉ុស្ដិ៍នគរបាលទឹកថ្លាបានឲ្យដឹងថា កម្លាំងល្បាតរបស់ប៉ុស្ដិ៍បានប្រទះឃើញ យុវជនទាំង៣នាក់ជិះម៉ូតូ១គ្រឿងម៉ាកMSX គ្មានស្លាកលេខ ដោយគួរឲ្យសង្ស័យក៍ឃាត់សួរនាំ ឃើញកាន់ដាវសាំម៉ូរ៉ៃ១ដើម បំរុងធ្វើសកម្មភាពផ្សេងៗ ក៍ឃាត់ខ្លួនយកមកប៉ុស្ដិ៍នគរបាលទឹកថ្លាតែម្ដងទៅ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន។
នាយប៉ុស្ដិ៍ទឹកថ្លាបានបន្តថា បច្ចុប្បន្នជនត្រូវជាប់សង្ស័យប្រើប្រាស់ដាវខុសច្បាប់កំពុងសួរនាំ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕