(ភ្នំពេញ)៖ តាមរយៈ Facebook នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាប្រធានកិត្តិយស នៃគណបក្សឆន្ទៈខ្មែរ បានបង្ហោះសារប្រាប់ទៅអ្នកច្បាប់ និងអ្នកនយោបាយ ត្រូវជួយពន្យល់ណែនាំឲ្យប្រជាពលរដ្ឋយល់ពីច្បាប់ ទើបគ្មានការរំលោភបំពាន និងបង្កាច់បង្ខូចគ្នាទៅវិញទៅមក។

ក្នុងនោះ លោក គង់ គាំ ក៏បានប្រាប់ទៅប្រជាពលរដ្ឋខ្មែរ និងជនបរទេសមួយចំនួន កុំធ្វើដូចមនុស្សខ្វាក់ ស្ទាបដំរីមួយកន្លែងៗ ដោយមិនបានស្វែងយល់ពីអ្វីឲ្យបានច្បាស់លាស់។

លោកបានសរសេរយ៉ាងដូច្នេះថា «សូមជនកម្ពុជា និងបរទេស (ប្រកាន់នីតិរដ្ឋ/យុត្តិធម៌/សេរីភាព) កុំធ្វើដូចមនុស្សខ្វាក់ ស្ទាបដំរីមួយកន្លែងៗ ហើយស្រែកថា (ដំរីដូចចង្អេ ពេលស្ទាបប៉ះត្រចៀក, ថាដំរីដូចអំបោស ពេលស្ទាបប៉ះកន្ទុយ, ថាដំរីដូចសរសរ ពេលស្ទាបប៉ះជើង។ល។)។ យើងអ្នកច្បាប់ និងអ្នកនយោបាយ ត្រូវជួយធ្វើឲ្យប្រជាពលរដ្ឋយល់ដឹងជ្រួតជ្រាបគ្រប់ជ្រុងជ្រោយអំពីច្បាប់ ទើបគ្មានការរំលោភបំពានគ្នា បង្កាច់បង្ខូចគ្នា មានកិត្តយស មានទំនៀមទម្លាប់ល្អ មានសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ/សន្តិភាព»

លោក គង់ គាំ បញ្ចេញសារនយោបាយនៅពេលនេះ ហាក់ស្របពេលដែលមានការជជែកដេញដោលគ្នាអំពីការរំលោភបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ ខណៈក្រុមជ្រុលនិយមចោទថា រាជរដ្ឋាភិបាលកំពុងរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋផ្ទុយពីរដ្ឋធម្មនុញ្ញ ប៉ុន្ដែត្រូវបានតំណាងរាជរដ្ឋាភិបាល បដិសេធ និងថារាជរដ្ឋាភិបាលតែងផ្ដល់សិទ្ធិជូនប្រជាពលរដ្ឋជានិច្ច ឲ្យតែធ្វើឡើងត្រឹមត្រូវតាមផ្លូវច្បាប់។

ក្នុងនោះលោកបានកត់សម្គាល់ថា នៅបរិយាកាសចុងក្រោយនេះ អតីតក្រុមអ្នកនយោបាយ CNRP ជ្រុលនិយម និងអន្តរជាតិ (ជាអាទិ៍ EU/សហរដ្ឋអាមេរិក លោកខាងលិច) និងសមត្ថកិច្ច (រាជរដ្ឋាភិបាលកម្ពុជា) បានថ្កោលទោសទៅវិញទៅមក អំពីបញ្ហាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ដោយខាងអន្តរជាតិថា សមត្ថកិច្ច (រាជរដ្ឋាភិបាល) បានបំពានសិទ្ធិប្រជាពលរដ្ឋខ្មែរ ដែលធានាដោយរដ្ឋធម្មនុញ្ញ (ច្បាប់កំពូល) តែខាងសមត្ថកិច្ច (រាជរដ្ឋាភិបាល) ក៏បញ្ជាក់តបថា ការរិតត្បិតរារាំង ចោទ ចាប់ ក៏ជាការអនុវត្តច្បាប់ដូចគ្នាដែរតែប៉ុណ្ណោះ។

ប៉ុន្ដែសម្រាប់លោក គង់ គាំ ខ្លួនឯងយល់ឃើញថា បច្ចុប្បន្នមានមេខ្យល់ខ្មែរ និងបរទេស បានប្រាប់ឲ្យប្រជាពលរដ្ឋងើបប្រើសិទ្ធិ (ត្រង់មាត្រា៣៥) មិនរវល់គិតពីសិទ្ធដទៃ នៃរដ្ឋធម្មនុញ្ញ។ អ្នកច្បាប់ និងអំណាចគ្រប់គ្រងកម្ពុជា បានបំភ្លឺ និងបានបង្ហើបបង្ហាញពីការបំពានរបស់ប្រជាពលរដ្ឋ ទៅលើសិទ្ធិដែលកំណត់ក្នុងមាត្រានានា ដូចជា (មាត្រា៣៧) បានចែងថា «សិទ្ធិធ្វើកូដកម្ម និងបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់»

លោកបានបន្ដទៀតថា មាត្រា៤១ បានកំណត់ច្បាស់ថា ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។

អតីតប្រធានអតីតគណបក្សសមរង្ស៉ី បានយកមាត្រា៥២ នៃរដ្ឋធម្មនុញ្ញមកបង្ហាញទៀតថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ប៉ុន្ដែលោកបានគូសបញ្ជាក់ថា អាណិតអ្នកជឿ និងអ្នករងគ្រោះដោយមិនដឹង និងមិនយល់ច្បាប់គ្រប់គ្រាន់ ព្រោះគេប្រាប់ថា ប្រជាធិបតេយ្យ សិទ្ធិ សេរីភាព ទូលំទូលាយណាស់៕