(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី មុំ ចាន់ដានី លេខាធិការគណៈកម្មាធិការសាខាតំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា និងលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញទៅ ទទួលទេយ្យទានសប្បុរសធម៌ ពីសម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ ហៅវត្តស្រះចក។
នាឱកាសនោះ សម្តេចព្រះឧត្តមចរិយា បានមានព្រះថេរដីកាកោតសរសើរគាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់ កម្លាំងមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។
ជាការឆ្លើយតបក្នុងនាមលោក ឃួង ស្រេង, លោកស្រី មុំ ចាន់ដានី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ អំណរគុណ ចំពោះសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះសង្ឃគណៈកម្មការ អាចារ្យ វត្តទាំងអស់ ដែលតែងតែបានបរិច្ចាគទេយ្យទានជូនដល់សាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌។
លោកស្រីលេខាធិការគណៈកម្មាធិការសាខា ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះ ជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម ។
លោកស្រី មុំ ចានដានី បញ្ជាក់ថា ទេយ្យទានដែលសាខា បានទទួលរួមមាន គ្រឿងឧបភោគបរិភោគ ចំនួន១០មុខ សម្ភារប្រើប្រាស់ចំនួន១៦សម្រាប់ និងថវិកាចំនួន៤លានរៀល ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ ស្មើនឹង២៥,៥៥០,៥០០រៀល៕