(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេស ចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ ចាប់ពីឆ្នាំ២០២០-២០២៥ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

អង្គប្រជុំបានឱ្យដឹងថា ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍នេះផ្តោតលើការរៀបចំស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺឆ្លងកូវីដ១៩ ដោយក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងចាប់យកមកវិញនូវចំនួនភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់មកវិញ និងធ្វើឱ្យប្រសើរឡើងវិញពីការចូលរួមរបស់វិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ច និងសង្គម។

ក្នុងន័យនេះ ផែនទីចង្អុលផ្លូវនេះនឹងចង្អុលបង្ហាញនូវផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាដែលជាការងារអាទិភាព ហើយដែលគួរតែត្រូវបានចាប់ផ្តើមអនុវត្តពីឥឡូវនេះ សម្រាប់ទីផ្សារទេសចរណ៍ដែលមានសក្តានុពល និងទីផ្សារទេសចរណ៍សមស្របណាមួយក្នុងដំណាក់កាលនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩នេះ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ដាក់ចេញវិធានគោលនយោបាយអន្តរាគមន៍ ក្នុងរយៈពេលខ្លី មធ្យម និងវែង ជា៣ដំណាក់កាលសំខាន់ៗ៖

* ទី១៖ ដំណាក់កាលទី១ (Resilient & Restart)៖ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលប្រក្រតីភាពតាមទម្លាប់ថ្មី (New Normal) និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ (ឆមាសទី២ ឆ្នាំ២០២០ ដល់ឆមាសទី១ ឆ្នាំ២០២១)។

* ទី២៖ ដំណាក់កាលទី២ (Recovery)៖ ការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍ (ឆមាសទី២ ឆ្នាំ២០២១-២០២២)។

* ទី៣៖ ដំណាក់កាលទី៣ (Relaunch)៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៣-២០២៥)។

ក្រសួងទេសចរណ៍បានបន្តទៀតថា ក្នុងដំណាក់កាលនីមួយៗមានការដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពអនុវត្តត្រូវអនុលោមទៅតាមសសរស្តម្ភ ៤៖ បេតិកភណ្ឌវប្បធម៌ ទេសចរណ៍តំបន់ឆ្នេរ អេកូទេសចរណ៍ និងភាពជាប្រជាជនខ្មែរ រួមទាំងគោលដៅយុទ្ធសាស្ត្រចំនួន ៣៖ សេដ្ឋកិច្ច និងការងារក្នុងវិស័យទេសចរណ៍ ការផ្សព្វផ្សាយ និងជំរុញទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិ និងអភិបាលកិច្ចក្នុងវិស័យទេសចរណ៍។

បើតាមកិច្ចប្រជុំខាងលើ សេចក្ដីព្រាងផែនទីចង្អុលផ្លូវនេះនឹងបញ្ចូលនូវសកម្មភាពយុទ្ធសាស្ត្រចំនួន ៤៨ និងគម្រោងអភិវឌ្ឍគំរូធំៗសរុបចំនួន ១៦ ដែលសេចក្តីព្រាងនេះគ្រោងនឹងដាក់ឆ្លងគណកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍នាពេលខាងមុខ៕