(កោះកុង)៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ដល់សមត្ថកិច្ចកម្ពុជាបង្កើនសាមគ្គីភាព ជាមួយប្រទេសជិតខាង ដើម្បីចូលរួមទប់ស្កាត់ការជួញដូរគ្រឿងញៀនឆ្លងដែន។
ក្នុងឱកាសរដ្ឋបាលខេត្តកោះកុង រៀបចំពិធីប្រជុំផ្សព្វផ្សាយ «ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆមាសទី១ និងលើកទិសដៅការងារឆ្នាំ២០២០» នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានលើកឡើងថា សមត្ថកិច្ចត្រូវចូលរួមសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន ការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យល្អ ហើយត្រូវផ្តល់ទំនាក់ទំនងឲ្យបានល្អ បង្កើតភាពសាមគ្គីភាពជាមួយប្រទេសជិតខាង ចូលរួមទប់ស្កាត់ក្នុងការកាត់បន្ថយ ការជួញដូរគ្រឿងញៀនឆ្លងដែន។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានបញ្ជាក់ថា៖ «ការចុះបង្កាបទប់ស្កាត់គ្រឿងញៀន គឺជាការលំបាក់មួយក្នុងខេត្តកោះកុង។ នៅលើដែនដីគោកស្រួលទប់ស្កាត់ចំពោះជនសង្ស័យអ្នកជួញដូរ តែលើផ្ទៃសមុទ្រលំបាក់ណាស់។ យ៉ាងណាក៏ដោយ សមត្ថកិច្ចក៏មានការចូលរួមសហការណ៍ជាមួយកងទ័ពលំហរសមុទ្រផងដែរ ពីព្រោះកងទ័ពជើងទឹកលំហរសមុទ្រ គាត់មានមធ្យោបាយចរាចណ៍ ឧបករណ៍ការពារដែនសមុទ្រ ហេតុដូច្នេះយើងត្រូវចូលរួមសហការពីបញ្ហាទាំងនេះ»។
លោកបន្តថា បើកងទ័ពជើងទឹកការពារលំហរសមុទ្រ ខ្វះខាតឧបករណ៍ត្រួតពិនិត្យសារធាតុថ្នាំញៀន សមត្ថកិច្ចអាចផ្តល់ជូនគាត់បាន ដើម្បីទុកត្រួតពិនិត្យដើម្បីស្វែងរកសារធាតុគ្រឿងញៀន និងធ្វើតេស្តទៅលើកជនសង្ស័យ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានលើកឡើងបន្តថា ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់បទល្មើសជូញដូរ និងប្រើប្រាស់គ្រឿងញៀននៅកម្ពុជា អាជ្ញាធរ សមត្ថកិច្ចជំនាញ និងជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាអនុវត្តន៍វិធានការក្នុងការចូលរួមការអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និងបដិសេធគ្រឿងញៀន ទប់ស្កាត់កុំឲ្យមានការរីរាលដាលក្នុងមូលដ្ឋាន និងចូលរួមធ្វើការការព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត ការធ្វើសមាហរណកម្ម និងចាកចេញពីគ្រឿងញៀនជន ដែលជនមានសារធាតុញៀនក្នុងខ្លួន ហើយចូលរួមការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ឲ្យម៉ឺងម៉ាត់។
លោក សំ ឃិត វៀន អភិបាលរងខេត្តកោះកុង បានលើកឡើងថា រយៈពេលកន្លងមកក្នុងស្ថានភាពជាទូទៅក្នុងការចុះបង្ក្រាបលើគ្រឿងក្នុងខេត្តកោះកុង អាជ្ញាធរនិងសមត្ថកិច្ចបានខិតខំ ប្រឹងប្រែងអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំង និងបង្រ្កាបគ្រឿងញៀនមួយរយៈកន្លងមកឃើញថា ក្នុងខេត្តកោះកុងមានអវិជ្ជមាន គឺមានការថយចុះ។ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ នៅគ្រប់មូលដ្ឋាន និងក្នុងសហគមន៍គ្រប់បណ្តាស្រុកក្នុងខេត្តកោះកុង ដែលប៉ុស្តិ៍រដ្ឋបាលនីមួយៗ ខេត្តខំប្រឹងប្រែងដើម្បីការពារភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់ភូមិឃុំមានសុវត្ថិភាព ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរ។
លោកបានបន្ថែមបន្តថា លោកនឹងខិតខំបង្ខំឲ្យសមត្ថកិច្ច ចូលរួមធ្វើការផ្សព្វផ្សាយពី ផលប៉ះពាល់នៃគ្រឿងញៀនឲ្យច្រើននៅតាមមូលដ្ឋាន ហើយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មូលឲ្យបានទូលំទូលាយ និងចូលរួមសហការណ៍ទប់ស្កាត់បញ្ហាគ្រឿងញៀន និងធ្វើយ៉ាងណាសហការណ៍ជាមួយប្រជាពលរដ្ឋឲ្យល្អជានិច្ច។ លោកអភិបាលរងខេត្ត សូមឲ្យប្អូនៗកូនក្មួយជាយុវ័យ ត្រូវឃ្លាតឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីអនាគតខ្លួននិងគ្រួសារ ហើយយុវវ័យត្រូវយកការសិក្សាជាចម្បង ពីព្រោះយុវវ័យជាទំពាងស្នងឬស្សីសម្រាប់អនាគតប្រទេសជាតិ៕