(ស្វាយរៀង)៖ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង បានថ្លែងប្រាប់កងទ័ពត្រូវចូលរួមថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ទាំងនៅក្នុងក្របខ័ណ្ឌភូមិសាស្ត្រខេត្ត និងក្របខ័ណ្ឌទូទាំងប្រទេស។
ការថ្លែងបែបនេះ ខណៈដែលលោកតំណាងអភិបាលខេត្តអញ្ជើញ ជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនរៀបរយលំហាត់របៀប អបរំចិត្តសាស្ត្រ យុទ្ធវិធីថ្មើរជើង បច្ចេកទេស និងក្បាច់គុន ជូននាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ចំនួនប្រមាណ១២០នាក់ ស្ថិតនៅសាលប្រជុំទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ២៥ខែកញ្ញាឆ្នាំ២០២០។
លោកបានបន្តថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក្នុងគោលដៅពង្រឹងការទំនាក់ទំនង បង្កើនការជឿជាក់ ការស្រឡាញ់រាប់អានពី ប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋពេលមានគ្រោះ មហន្តរាយនានាជាយថាហេតុ ជាពិសេសជួរនាយទាហាន និងមេបញ្ជាការ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។
លោកបានផ្តាំថា «ត្រូវរក្សាការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់តួនាទីភារកិច្ចរបស់កងទ័ព ក្នុងការពង្រឹងខឿនការពារជាតិ ការពារឯករាជ្យភាព សន្តិភាព ការពារបន្ទាត់ព្រំដែន និងបូរណភាពទឹកដី។ ត្រូវខិតខំហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈផ្សេងៗឲ្យបានជាប់ជាប្រចាំ ព្រមទាំងត្រូវលើកកម្ពស់ ស្មារតីទទួលខុស ត្រូវក្នុងការគ្រប់គ្រងថែរក្សាសម្ភារ បរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ផ្សេងៗឲ្យបានល្អ ប្រើប្រាស់ឲ្យចំទិសដៅ និងទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវ»។
លោកបញ្ជាក់ថា នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងទ័ពឲ្យបានហ្មត់ចត់ និងមានវិធានការជាក់ស្ដែងក្នុងការចិញ្ចឹមទ័ព លើកកម្ពស់ជីវភាពរស់នៅ និងការថែរក្សាសុខុមាលភាពយោធិនឲ្យបានមាំមួន ចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេសការការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩៕