(ព្រះវិហារ)៖ រដ្ឋបាលស្រុកជ័យសែន ខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំង ៦ឃុំទូទាំងស្រុក ក៏ដូចជាប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗឱ្យបញ្ឈប់ ជាបន្ទាន់រាល់សកម្មភាពដើរចាប់សត្វកណ្តូប និងទិញសត្វកណ្តូប នៅក្នុងស្រែប្រជាពលរដ្ឋ ដែលបណ្តាលឱ្យខូចខាតដំណាំស្រូវរបស់ពលរដ្ឋ ដែលកំពុងតែលូតលាស់ បម្រុងទទួលផលផ្លែផ្កា បើនៅតែមិនបញ្ឈប់សកម្មភាពនេះទេនឹងត្រូវទទួលការផាកពិន័យយ៉ាងធ្ងន់ធ្ងរមិនលើកលែងឡើយ។
នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកជ័យសែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា ដើម្បីការពារដំណាំ ស្រូវរបស់ប្រជាពលរដ្ឋ និងការពារសុវត្ថិភាពរបស់អ្នកប្រកបរបរចាប់សត្វកណ្តូប ឫទិញសត្វកណ្តូប គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សូមធ្វើការណែនាំដូចខាងក្រោម៖
*ទី១៖ សូមឱ្យបញ្ឈប់ការចាប់សត្វកណ្តូបនៅតាមទីវាលស្រែរបស់ប្រជាពលរដ្ឋ ដែលមានទីតាំងនៅក្រុមហ៊ុនចិន
*ទី២៖ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកនឹងចុះល្បាតជាប្រចាំ
*ទី៣៖ នៅពេលក្រុមការងារចុះអនុវត្តន៍លើលិខិតជូនដំណឹងខាងលើនេះ នឹងមានការផាកពិនយ័ដូចជា៖ ចាប់បានម៉ូតូ១គ្រឿង ត្រូវផាកពិនយ័ជាប្រាក់២០ម៉ឺនរៀល, ចាប់បានគោយន្តកន្ត្រៃយ៍១គ្រឿង ត្រូវផាកពិនយ័ជាប្រាក់២លានរៀល, ចាប់បានរថយន្ត១គ្រឿងត្រូវផាកពិនយ័២លានរៀលផងដែរ។
ពាក់ព័ន្ធករណីនេះលោក រស់ ហេង អភិបាលស្រុកជយ័សែន បានបញ្ជាក់ឱ្យដឹងថា វិធានការរបស់រដ្ឋបាលស្រុកដែលឱ្យអ្នកប្រកបរបរចាប់សត្វកណ្តូប និងអ្នកទិញ សត្វ កណ្តូបបញ្ឈប់សកម្មភាពនេះ ដោយសារមានសំណូមពររបស់ប្រជាពលរដ្ឋជាម្ចាស់ដំណាំស្រូវ ប្តឹងអាជ្ញាធរភូមិ ឃុំ ស្រុក និងកងកម្លាំងឱ្យជួយអន្តរាគមន៍ ណែនាំ និងបញ្ឈប់ការចាប់សត្វកណ្តូប នៅតាមវាលស្រែរបស់ពួកគាត់ ដែលបណ្តាលឱ្យខូចខាតដំណាំស្រូវជាច្រើន។
ជាមួយគ្នានេះ អភិបាលស្រុកជ័យសែន ក៏បានអង្វករ និងសុំការយោគយល់អធ្យាស្រ័យពីអ្នកប្រកបរបរចាប់សត្វកណ្តូបផង ដោយលោកលើកឡើងថា «យើងចាប់សត្វកណ្តូបដើម្បីលក់យកលុយ ចំណែកអ្នកដាំស្រូវក៏ចង់បានផល ចុះបើយើងចង់បានលុយដោយការបំផ្លាញដំណាំរបស់គេ សួរថាយុត្តិធម៍ដែរទេ យើងក៍ចង់បាន ចំណែកគេក៏ចង់បានដូចគ្នា»៕