(ស្វាយរៀង)៖ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យ ចំនួន៣នាក់ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

អាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមន្ទីយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបនៅចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ករណីបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់មានទី១៖ ឈ្មោះ គង់ ពេញ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទី២៖ ឈ្មោះ អ៊ួង អាត ហៅ ស ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងទី៣៖ ឈ្មោះ តឿ រតនា ហៅ ងោល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ករណីបង្ក្រាបនេះចាប់យកវត្ថុតាងរួមមាន៖ ម៉្សៅក្រាមពណ៍សថ្លា ចំនួន ០៩ កញ្ចប់ មានទម្ងន់ ៦.៧៨ ក្រាម (គិតទាំងសំបកវិខ្ចប់) ទូរសព្ទដៃចំនួន ០៤គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្ត កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយ រៀងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕