(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនបានថ្លែងថា ឆ្នាំ២០១៥ កន្លងទៅនេះ ថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធបានបង្រ្កាបបទល្មើស៣០៦១ករណី ឃាត់ខ្លួនជនល្មើស៧០០៨ (ស្រី៨៥៣នាក់) ព្រមទាំងចាប់វត្ថុតាងជាច្រើនទៀត ហើយនៅឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នឹងបន្តប្រតិបត្តិការនេះកាន់តែខ្លាំងឡើង លើការបង្ក្រាបមុខសញ្ញាគ្រឿងញៀន ដែលជាមេរោគបំផ្លាញសង្គមយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ នាព្រឹកថ្ងៃទី១ខែកុម្ភ: ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ បានថ្លែងជំរុញដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវ ធ្វើ ការផ្សព្វផ្សាយអប់រំអំពីការងារទប់ស្កាត់ ការភ្ញាក់រលឹកទៅរកសេវាព្យាបាល និងការរួមចំណែកពីគ្រប់សមាសភាពក្នុងសង្គម ដែលបានគ្របដណ្តប់ទៅលើ ចំនួន១១.១៥៦.៥៦៩នាក់។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ការអប់រំនិងស្តារនីតិសម្បទាអ្នកប៉ះពាល់ក្រោមឥទ្ធិពលថ្នាំញៀនបាន៧៧៥៣នាក់ដែលបាន អនុវត្តន៍ដោយសេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកសហគមន៍ តាមមណ្ឌលសុខភាព៣៦កន្លែង មន្ទីរពេទ្យបង្អែក១១កន្លែង មណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ និងឯកជនបានរួមចំណែកលើកកម្ពស់សុខភាពរបស់អ្នកក្រោមឥទ្ធិពលថ្នាំញៀននិងបានធ្វើ សមាហរណកម្មចូលទៅសហគមន៍ ព្រមទាំងរួមចំណែកដល់វិស័យសន្តិសុខអភិវឌ្ឍន៍សហគមន៍»។
យោងតាម របាយការណ៍ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញថា រហូតមកដល់ពេលនេះ អ្នកប្រើប្រាស់គ្រឿងញៀន នៅកម្ពុជា កើនឡើង១៦៥៧៥នាក់៕