រដ្ឋាភិបាលយោធាថៃ ចាប់ផ្ដើមដាក់សម្ពាធ លើបណ្ដាញសង្គម Facebook និង LINE
01-02-2016 11:49
(បាងកក)៖ រដ្ឋាភិបាលយោធាថៃ បាននិងកំពុងតែបញ្ចុះបញ្ចូល Facebook និង LINE ឲ្យសហការជាមួយអាជ្ញាថៃក្នុងការលុបចោលនូវមាតិកាមួយចំនួន ដែលនាំឲ្យប៉ះពាល់ដល់ព្រះរាជវង្ស និងប្រទេសជាតិ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ Pisit Paoin បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា រដ្ឋាភិបាលថៃ ក្រោងនឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន Facebook និង LINE ដើម្បីពិភាក្សាទៅលើការកំណត់ច្បាប់ និងលក្ខណៈមួយចំនួនក្នុងការប្រើប្រាស់ Facebook និង LINE នៅក្នុងប្រទេសថៃ ជាពិសេសគឺតុលាកាថៃតម្រូវឲ្យ Facebook និង LINE ជួយទប់ស្កាត់រាល់មាតិកាមួយចំនួន ដែលនាំឲ្យប៉ះពាល់ ដល់ប្រទេសជាតិ និងរបបរាជានិយម ជាពិសេសគឺបញ្ហាសុវត្ថិភាព និងសន្ដិភាព។
លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលថៃក៏បានស្នើទៅកាន់ក្រុមហ៊ុន Google និង YouTube កាលពីថ្ងៃទី២២ ខែមករារួចហើយដែរ ទៅលើបញ្ហាដូចគ្នានេះ៕