(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ លោក គាត ឈន់ បានក្រើនរំលឹកទៅដល់មន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យខិតខំប្រឹងប្រែងអនុវត្តការងាររួមគ្នាជាធ្លុង ដើម្បីបង្កើតជាសមិទ្ធផលថ្មីៗធំៗថែមទៀត សំដៅឆ្លើយតប និងបំពេញបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលតែងបានបោះឆ្នោតគាំទ្ររាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន។
ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឧស្សាហកម្ម និងសិប្បកម្មឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ បានថ្លែងជំរុញថា «ខ្ញុំសូមជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម សូមខិតខំប្រឹងប្រែងអនុវត្តទិសដៅការងាររបស់ក្រសួងសម្រាប់ឆ្នាំ២០១៦នេះ ដែលជាឆ្នាំ ដ៏មានសារៈសំខាន់ ដែលកំពុងកំពុងតែធ្វើសមាហរណកម្មក្នុងសេដ្ឋកិច្ចអាស៊ាន ហើយរួមគ្នាជាធ្លុងមួយ បង្កើតចេញជាសមិទ្ធផលថ្មីៗធំៗ ថែមទៀត»។
នៅក្នុងឆ្នាំ២០១៦នេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានទិសដៅជំរុញវិស័យនានា របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសការបន្តពង្រឹង និងជំរុញដោះស្រាយបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធដល់ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងធរជន ដូចជា ការសម្រួលការចុះបញ្ជីបង្កើតរោងចក្រ សហគ្រាសធុនតូច និងធម្យម និងសិប្បកម្ម តាមយន្តការច្រកចេញចូលតែមួយ និងកំពុងត្រៀមរៀបចំអនុវត្តតាមប្រព័ន្ធស្វ័យប្រវត្តកម្ម (Online) ការខិតខំរៀបចំបង្កើតយន្តការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម នៅក្រោមដំបូលតែមួយនៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ក្រសួង ក៏ដាក់ចេញផែនការផ្តល់សេវាពិគ្រោះយោបល់បង្កើនផលិតភាពដល់រោងចក្រ សហគ្រាស ការលើកកម្ពស់កិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម ការពង្រីកការអនុវត្តិច្បាប់ស្តីពីស្តង់ដា មាត្រាសាស្រ្ត ការវាយតម្លៃទទួលស្គាល់ ការអភិវឌ្ឍផលិតកម្មស្រែអំបិល ការងារបង្កើនសមត្ថភាព និងការពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង និងប្រជុំជន ជាមួយគោលនយោបាយកំណត់ថ្លៃទឹកស្អាតសមរម្យសម្រាប់ប្រជាពលរដ្ឋ៕