Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ចូលលួចត្រីគេក្នុងស្រះ ប៉ះចំម្ចាស់ស្រះតខ្សែភ្លើងតាមរបង បណ្តាលឱ្យឆក់ស្លាប់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

24-09-2020 11:38

(ពោធិ៍សាត់)៖ បុរសម្នាក់បានចូលលួចត្រីគេក្នុងស្រះ តែចៃដន្យភ្លាត់ស្នៀតត្រូវម្ចាស់ស្រះតខ្សែភ្លើងតាមរបងបណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធម។ ហេតុការណ៍នេះ​បានកើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ លី សុភា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មុនពេលកើតហេតុ ជនរងគ្រោះបានចូលលួចត្រី ក្នុងស្រះចិញ្ចឹមត្រីរបស់ឈ្មោះ លី សុង ភេទប្រុស អាយុ៥៦ឆ្នាំ ជនខ្មែរ រស់នៅភូមិឃុំកើតហេតុ ពេលកំពុងតែចូលលួច ក៏ប៉ះនឹងខ្សែភ្លើងដែលម្ចាស់ស្រះតតាមរបង បណ្តាលឱ្យឆក់ស្លាប់តែម្តង។

យោងតាមការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញ និងប៉ូលីសបច្ចេកទេសខេត្ត បញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យជាម្ចាស់ស្រះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី។

ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕