(ទីក្រុងស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលី នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈនេះ បានចេញប្រតិបត្តិការត្រួតពិនិត្យនៅតាមសាលារៀន​ជាច្រើនកន្លែង ក្នុង​ទីក្រុងស៊ីដនី ដែលប្រតិបត្តិការនេះ ត្រូវបាន​អាជ្ញាធរបញ្ជាក់ថា «ជាការប្រុងប្រយ័ត្ន» បន្ទាប់ពីមានការគំរាមបំផ្ទុះគ្រាប់នៅតាម សាលារៀន​ជាច្រើន​ដង ពីសំណាក់ក្រុមភេរវករ នេះបើយោងតាមចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី០១ ខែកុម្ភៈ។

សាលារៀនជាច្រើនកន្លែងស្ថិតនៅជុំវិញទីក្រុងស៊ីដនី ត្រូវបានកងកម្លាំងពិសេសចុះធ្វើការត្រួតពិនិត្យ ដោយបានជម្លៀសកូនសិស្ស ចេញពីសាលាទៀត​ផង។ ក្រៅពីសាលារៀន ក្រុមកងកម្លាំងពិសេសក៏បាន​ចុះត្រួតពិនិត្យនៅទីតាំង Sydney Opera House ដែរ ដោយគោលដៅនៃការត្រួតពិនិត្យនេះ គឺដើម្បីសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុននេះ មានការគំរាមបំផ្ទុះគ្រាប់បែកជាច្រើនដឹងនៅក្នុងទីក្រុងស៊ីដនី ប៉ុន្តែការគំរាមបំផ្ទុះគ្រាប់បែកនេះ គឺសុទ្ធសឹងតែ​ជា​ព័ត៌មានក្លែងក្លាយ៕