(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៩លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់៩នាក់ និងរងរបួសស្រាល៦ នាក់ ខណៈមិនពាក់មួកពេលគ្រោះថ្នាក់មាន១៥នាក់ នេះបើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បានបង្កឲ្យខូចខាត ក្នុងនោះមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូច៥គ្រឿង រថយន្តធំ១គ្រឿង និងយានផេ្សងៗ១គ្រឿងផងដែរ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន៤លើក ប្រជែងគ្រោះថ្នាក់២លើក មិនប្រកាន់ស្តាំ១លើក និងមិនគោរពសិទ្ធិ២លើក។
បើយោងតាមលទ្ធផល នៃការអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ បានបង្ហាញថា មានយានយន្ត ដែលចូលគោលដៅ មានចំនួន១៦,១៦១គ្រឿង ក្នុងនោះមានម៉ូតូ ៦១ភាគរយ ។ ចំណែកយានយន្តដែលល្មើសច្បាប់វិញមានចំនួន ៣,៨៩៥គ្រឿង ក្នុងនោះ មានម៉ូតូ ៦៥ភាគរយ។
ក្នុងចំនួននៃការល្មើសរបស់យានយន្តនេះ មានការអប់រំលើយានយន្ត ១,៨២៩គ្រឿង ស្មើ៤៧ភាគរយ និងការពិន័យ មានយានយន្ត ២,០៦៦គ្រឿង បង់ប្រាក់បាន ៨៣ភាគរយ៕