(ភ្នំពេញ)៖ មុខសញ្ញាជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ៤២នាក់ ថ្នាំជាង១០០កញ្ចប់ និងម៉ូតូ១០គ្រឿង ត្រូវបានបង្ហាញមុខនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មុនបញ្ជូនទៅកាន់តុលាការ ក្រោយជនសង្ស័យទាំងនេះត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាប និងចាប់ខ្លួន ជាបន្តបន្ទាប់នៅតាមបណ្តាខណ្ឌនារយ:ពេលប៉ុន្មានថ្ងៃនេះ ។

លោក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោមបញ្ជាផ្ទាល់ពីស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ រួចមកលើការករណីគ្រឿងញៀននេះ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលតាមខណ្ឌ បានបើកប្រតិបត្តិការ ជាបន្តបន្ទាប់រហូតតាមចាប់ជនសង្ស័យទាំងនេះ និងដកហូតថ្នាំញៀនជាច្រើនកញ្ចប់ផងដែរ ។

លោក ប៊ន សំអាត បានបន្តថា ក្រោយបង្ហាញមុខជាសាធារណៈ ជនសង្ស័យទាំង៤២នាក់ ក្នុងនោះស្រី៤នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីបន្តទៀត ៕